ភ្នំពេញ៖ សពបុរសម្នាក់អណ្ដែតក្នុងទឹកទន្លេសាបត្រូវបានអ្នកនេសាទប្រទះឃើញហើយរាយការណ៍ប្រាប់ទៅសមត្ថកិច្ច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកណ្តាលទន្លេសាប ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសុីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេសាបនេះគឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៥០ឆ្នាំ ពាក់អាវយឺតពណ៌សដៃវែងឆ្នូតខ្មៅតូចៗ ស្លៀកខោក្រណាត់ជើងវែងពណ៌ខ្មៅ មានសក់ខ្លី។
តាមប្រភពព័ត៌មានពីប្រពលរដ្ឋដែលជាអ្នកនេសាទបានឲ្យដឹងថា នៅមុនពេលប្រទះឃើញសពពួកគាត់បានចេញពីកន្លែងស្នាក់នៅមកនេសាទនៅតាមច្រាំងទន្លេដូចសព្វដង ខណៈមកដល់កន្លែងកើតហេតុស្រាប់តែប្រទះឃើញមានវត្ថុអ្វីម៉្យាងអណ្តែតទឹក។ ដោយមានការសង្ស័យបាននាំគ្នាអុំទូកទៅមើលស្រាប់តែប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តងព្រមទាំងទាញសពមកកាន់ច្រាំងទន្លេប្រគល់ឱ្យសមត្ថកិច្ចខណ្ឌដូនពេញ។
ក្រោយទទួលបានដំណឹងនេះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និង បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យចក្ខុនៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យធ្វើកោសល្យវិច័យសព ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕និន សុភ័ស្ត