នគរបាលខណ្ឌដូនពេញឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម២នាក់លួចលុយ២.០០០ដុល្លារកាលពីជិតមួយខែមុន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញបានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ករណីលួចលុយ២.០០០ដុល្លារនៅក្នុងផ្ទះសំណាក់កាលពីជិតមួយខែមុន។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២០ នៅ​ចំណុច​ផ្លូវ​លេខ៩០ កែង​ផ្លូវព្រះស៊ីសុវត្ថិ ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង២រូបនេះ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ ឈ្មោះ ផាន់ វ៉ាន់ដាត(Phan Van Dat) ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជនជាតិ​វៀតណាម បានមកប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ដោយ​បាន​បាត់​បង់លុយ​ចំនួន ២.០០០ដុល្លារ អត្តសញ្ញាណប័ណ្ណ វៀតណាម​១​សន្លឹក និង​កាត​ធនាគារ​ចំនួន​១​សន្លឹក ។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ជំនាញ​ខណ្ឌ និងប៉ុស្តិ៍​បាន​ចុះ ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ទាក់ទងម្ចាស់ផ្ទះ​សំណាក់ដើម្បី​ឆែក​មើលកាមេរ៉ា​សុវត្ថិភាពឈានដល់​ស្គាល់​អត្តសញ្ញាណជនសង្ស័យ ហើយ សមត្ថកិច្ចក៏បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ សុខ អៀង​មួយ ភេទ​ស្រី អាយុ​២៩​ឆ្នាំ នឹង​បាន​បន្តស្រាវជ្រាវ​តាម​ចាប់បក្ខពួក​ម្នាក់ទៀត ឈ្មោះ យិន លី​លី ហៅ​យួន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម​ដោយ​ឃាត់ខ្លួន​បាននៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង​០០និង​៣០នាទី នៅ​ចំណុច​ផ្លូវ​លេខ៩០កែង​ផ្លូវព្រះស៊ីសុវត្ថិ ភូមិ​១១ សង្កាត់​ស្រះចក ។​
​សូមបញ្ជាក់ថា ហេតុការណ៍​នេះបានកើត​ឡើងកាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង​៣០​នាទី​រសៀល នៅចំណុច​ក្នុងផ្ទះសំណាក់​យីហោ មហា​សម្បត្តិ ផ្លូវ​លេខ៧០ ភូមិ​១៩ សង្កាត់​ស្រះចក បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ។​
​នៅ​ចំពោះមុខកម្លាំង​ជំនាញ​ខណ្ឌ និងប៉ុស្តិ៍ បាននិងកំពុង​សួរចម្លើយ​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កន្លងមក និង​កសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាម​នីតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print