សាហាវមែនទែន!! ទាស់សម្ដីគ្នាក្នុងវង់ផឹកសុី​ឈានដល់ប្រេីហិង្សា​បណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ ឯជនដៃដល់ជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសជាជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ​ ក្រោយពីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (ប្រើដំបងឈើជ្រុង វ៉ៃក្បាលជនរងគ្រោះ) កាលពីវេលាម៉ោង២០​ និង៣០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ សោម ចិន្តា ហៅ សួង ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។​ ចំណែកជនសង្ស័យដែលសមត្ថកិច្ជឃាត់ខ្លួនមានឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រៃគូ ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ចំពោះវត្ថុតាងចាប់យក៖ ដំបងឈើជ្រុងទំហំប៉ុនកដៃ ប្រវែង៨៤សង់ទីម៉ែត្រចំនួន១ដើម ។

​ សមត្ថកិច្ចបានឲ្យដឹងទៀតថា​ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ជនសង្ស័យឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ និងកម្មករជាងឈើមានគ្នាចំនួន៤នាក់គឺ ទី១-ឈ្មោះ ណាត នីកុល ហៅ អូន ភេទប្រុស អាយុ២៩ឆ្នាំ ទី២-ឈ្មោះ ជៀវ វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ ទី៣-ឈ្មោះ សោម ចិន្តា ហៅ សួង ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ (ជនរងគ្រោះ) ទី៤ -ជនសង្ស័យឈ្មោះ ខៀវ គឹម ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ (ត្រូវជាពូរបស់ឈ្មោះ ជៀវ វណ្ណៈ)បាននាំគ្នាទិញស្រាចំនួន២លីត្រមកផឹកនៅផ្ទះឈ្មោះខៀវ គឹមហាក់នេះដែលស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនសង្ស័យ និងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នាបណ្តើរ ជជែកគ្នាបណ្តើរអំពីរឿងជនរងគ្រោះបើកលុយឱ្យជនសង្ស័យនៅខ្វះចំនួន១,៥០០,០០០រៀល រហូតដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ ណាត នីកុល ហៅ អូន និងឈ្មោះ ជៀវ វណ្ណៈ ក៏បានដើរទៅនិយាយទូរស័ព្ទនៅខាងក្រៅវង់ផឹកស៊ីទាំង២នាក់ ។ ចំណែកជនសង្ស័យនិងជនរងគ្រោះបានទាស់សម្តីគ្នាខ្លាំងក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនសង្ស័យបានស្ទុះទៅរើសដំបងឈើជ្រុងទំហំប៉ុនកដៃ ប្រវែង៨៤សង់ទីម៉ែត្រនៅក្បែរកន្លែងផឹកស៊ី វ៉ៃទៅលើក្បាលជនរងគ្រោះ និងមុខបណ្តាលឱ្យជនរងគ្រោះរងរបួសជាំហើមភ្នែកទាំងសងខាង, ផ្ទៃមុខជាំហើម, រយះសាច់លើចុងចិញ្ចើមខាងស្តាំ, រយះសាច់ចុងត្របកភ្នែកក្រោមខាងស្តាំ, រយះសាច់ថ្ពាល់ខាងឆ្វេង , រយះសាច់បបូរមាត់ក្រោមចំហៀងខាងឆ្វេង, រយះសាច់ចង្កា២កន្លែង , ស្នាមជាំនៅលើប្រអប់ដៃឆ្វេង របួសធ្ងន់ធ្ងរ ហេីយក៏មានប្រជាពលរដ្ឋបានឃើញហេតុការណ៍នោះ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ រួចសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមនិឹងវត្ថុតាង ហើយហៅ រថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកសួគ៌ា ផ្លូវលេខ២១៧ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់គ្លីនិកសួគ៌ា គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ ឱ្យចុះមកសហការពិនិត្យសាកសពជនរងគ្រោះ។ ក្រោយពីពិនិត្យសាកសព និងកន្លែងកើតហេតុរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការវ៉ៃក្បាលធ្ងន់ធ្ងរ ។

​ ក្រោយមកទៀត​ ឈ្មោះ សោម លក្ខិណា ហៅ ភ័ក្ត្រណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ (សព) បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់ រួចសមត្ថកិច្ចយើងក៏បានប្រគល់សាកសពជនរងគ្រោះឱ្យទៅឈ្មោះ សោម លក្ខិណា ហៅ ភ័ក្ត្រណា យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តក្រចេះ ៕ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print