យ៉ាងហោចណាស់ក៏មានមនុស្សជាង៦០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារសម្លាប់រង្គាលនៅក្នុងភូមិមួយពីក្រុងខ្មាន់កាំភ្លើង នៅភាគខាងលិច រដ្ឋ Darfur ប្រទេសស៊ូដង់។
ការវាយប្រហារកើតឡើងនៅថ្ងៃទី២៦ខែកក្កដា ហើយនេះជាការវាយប្រហារថ្មីបំផុត ពីក្រុមប្រដាប់អាវុធ ទៅលើភូមិស្ថិតនៅភាគខាងលិចរដ្ឋ Darfur។ តាមការលើកឡើងពីការិយាល័យ មនុស្សធម៌ (OCHA) ប្រចាំនៅតំបន់ Khartoum បានបញ្ជាក់ថា «នេះជាករណី ថ្មីបំផុតនៅក្នុងតំបន់ខាងលើក្រោយស្ងប់ស្ងាត់ជាច្រើនសប្តាហ៍កន្លងមក។ កន្លងមកក៏មានការវាយប្រហារ ដុតភូមិ ផ្សារ នៅតំបន់ភាគខាងលិចរដ្ឋ Darfur បណ្តាលឲ្យខូចខាតយ៉ាងខ្លាំង។
នៅថ្ងៃទី២៦ខែកក្កដានោះដែររដ្ឋាភិបាលបណ្តោះអាសន្ន ស៊ូដង់ ដឹកនាំដោយលោក Abdallah Hamdok បានប្រកាសថានឹងបញ្ជូនកម្លាំងសន្តិសុខបន្ថែមទៅកាន់តំបន់Darfur ការពារពលរដ្ឋ ក្នុងរដូវប្រមូលផលកសិកម្ម ។
កម្លំងសន្តិសុខមានទាំង ប៉ូលិស និងទាហានបានដាក់ពង្រាយនៅតំបន់Darfur ដើម្បីទប់ស្កាត់អំពើហិង្សា។ ចាប់តាំងពីប្រធានាធិបតី ស៊ូដង់ លោកOmar al-Bashir ត្រូវ ផ្តួលរលំ ដែលជាការបើកផ្លូវសម្រាប់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីខែមករាឆ្នាំ២០២០។
តាំងពីពេលនោះមកអំពើហិង្សាតែងតែកើតឡើងធ្វើឲ្យកសិករ ត្រូវបង្ខំចិត្តចាកចេញពីតំបន់ដែលខ្លួនរស់នៅ ហើយដល់រដូវវស្សា ដែលអាចដាំដុះវិញបានទើបវិលត្រឡប់មកស្រុកវិញ៕