ខេត្តកំពង់ចាម ៖ យោងតាមសេចក្តីបំភ្លឺពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអោយដឹងថា កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក វរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចព្រៃបឹងទួលតាឃូ ខាងត្បូងភូមិត្រពាំងឫស្សី ចំងាយ ប្រមាណជាង៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សេចក្ដីបំភ្លឺបន្តថា នៅថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២០ វេលាម៉ោ១១ និង០០នាទី បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងការចុះផ្សាយនៅលេីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ទីតាំងបើកល្បែងសុីសងប្រជល់មាន់ និងអាប៉ោងភ្នាល់លេងខុសច្បាប់ ដ៏ធំកំពុងបើកលេងបានយ៉ាងរលូន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម “ ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចចាប់អ្នក លេងល្បែងមិនបានសូម្បីមួយនាក់ បន្សល់ទុកតែវត្ថុតាងមួយចំនួនរួមមាន មាន់ជល់ចំនួន០២ក្បាល ស៊ុមក្រុងមាន់ចំនួន០៣ ស្កុតរុំជើងមាន់មួយចំនួនប៉ុណ្ណោះ ។
តាមការបញ្ជាក់ពីអាជ្ញាធរ ភូមិ-ឃុំ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើ គឺពិតជាមានក្រុមអ្នកញៀនល្បែង មកលួចលេងល្បែងជល់មាន់ ម្តងម្កាល មួយគូ ពីរគូ ពិតប្រាកដមែន ប៉ុន្តែពុំមានទ្រង់ទ្រាយជាសង្វៀននោះឡើយ ។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីស្រាវជ្រាវបន្ត ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការពីប្រជាពលរដ្ឋ ដែលបានរាយការណ៍រាល់បទល្មើស ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ៕ ដោយ ៖ វណ្ណៈ