ខេត្តកណ្ដាល: យុវជន២នាក់ត្រូវបានយុវជន២នាក់ទៀតយកកាំបិតប៉័ងតោកាប់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដោយសារតែយុវជនជាជនសង្ស័យទាំង២នាក់នេះ ខឹងនឹងយុវជនរងគ្រោះប្រើពាក្យមិនគប្បីមកលើខ្លួន។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ទៅ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង ៣០នាទីនៅត្រង់ចំណុចភូមិតាអោក ឃុំឈ្វាំង ស្រុក ពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា យុវជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ខេម ប៊ុនហៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិគោជ្រំឃុំកោះថ្កូវ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនិងទី២-ឈ្មោះ ប៉ាន់ ដានី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់
មានស្រុកកំណើតនៅភូមិឈូកមាស ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ យុវជនរងគ្រោះទាំង២នាក់ បច្ចុប្បន្នស្នាក់នៅធ្វើកម្មករ
សំណង់ក្នុងភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នា២នាក់ទី១-ឈ្មោះ ផល ភឿន ហៅចិន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល(ឃាត់ខ្លួន) និងទី២-ឈ្មោះ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលសុភី ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (គេចខ្លួន)។ វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោ ដងឈើចំនួន១ ប្រវែង ៣០សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះទាំង២នាក់ខាងលើ បានអង្គុយចុចទូរស័ព្ទលេងនៅលើចិញ្ចើមផ្លូវលំ ខណៈនោះជនសង្ស័យឈ្មោះ ផល ភឿង ហៅចិន បានជិះម៉ូតូត្រលប់មកពីផឹកស្រាវិញ មកដល់ជិតជនរងគ្រោះម៉ូតូក៏រកដួល ខណៈនោះជនរងគ្រោះបាននិយាយថា៖ អ្ហែងជិះម៉ូតូលឿនប្រញាប់ទៅណា? ប្រញាប់ងាប់មែនអី? បន្ទាប់មកជនសង្ស័យឈ្មោះ ផល ភឿន ហៅ ចិនក៏បានជិះម៉ូតូទៅផ្ទះរបស់ខ្លួនយកទៅទុក រួចហើយបានយកកាំបិតបុ័ងតោ
ពណ៌សកាន់នៅនឹងដៃ ដើរមកជាមួយឈ្មោះ រម្យ ភេទប្រុស ត្រូវជាប្អូនថ្លៃ រួចនាំគ្នាដើរមករកជនរងគ្រោះ ហើយនាំគ្នាព្រួតវាយ និងកាប់ទៅលើជនរងគ្រោះទាំង២នាក់ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ខេម ប៊ុនហៀង រងរបួសចំហៀងក្បាលខាងស្តាំ និងរងរបួសកំភួនដៃខាងស្តាំ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ
ប៉ាន់ ដានី រងរបួសក្បាលផ្នែកខាងឆ្វេង។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់ បាននាំគ្នារត់គេចខ្លួន។
លុះដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាណាព្យាបាលរបស់ជនរងគ្រោះទាំង២នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ហើយកម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ ផល ភឿន ហៅ ចិន រីឯជនសង្ស័យឈ្មោះ រម្យ បានរត់
គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕ ស្អាងជ័យ