អុីរ៉ាក់៖ មីស៊ីល៣គ្រាប់ប្រភេទKatyusha បានធ្លាក់ចំទីតាំងយោធាTaji របស់អាមេរិក ក្នុងប្រទេសអុីរ៉ាក់ កាលពីថ្ងៃទី២៧ខែកក្កដា ។ ជាមួយគ្នានេះកម្លាំងទាហានអុីរ៉ាក់បានប្រកាសថាមិនមានទាហានអាមេរិក ណាមួយស្លាប់ឬរងរបួសនោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ាក់បានផ្សាយថា មីស៊ីលមួយគ្រាប់បានបាញ់ចំឧទ្ធម្ភាគចក្ររបស់អុីរ៉ាក់ មួយគ្រាប់ធ្លាក់ចំឃ្លាំងគ្រាប់ និងគ្រាប់ទីបីធ្លាក់ចំទីតាំងទាហានអាកាស តែមិនផ្ទុះនោះឡើយ។
មីស៊ីលជាច្រើន តែងតែធ្លាក់នៅក្នុងតំបន់បៃតង ស្ថិតនៅក្នុងស្រុកKarkh ក្នុងរដ្ឋធានីបាតដាត ដែលជាទីកន្លែងមានស្ថានទូតអាមេរិក និងអាគាររដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក Mustafa al-Kadhimi បានចេញបញ្ជាឲ្យបង្កើតក្រុមពិសេសទប់ស្កាត់ការវាយប្រហារពីចម្ងាយចូលមក តំបន់បៃតង។
ទីតាំងយោធារបស់អាមេរិក នៅក្នុងប្រទេសអុីរ៉ាក់បានក្លាយជាគោលដៅវាយប្រហារ ពី ក្រុមជ្រុលនិយម គាំទ្រដោយប្រទេសអុីរ៉ង់ ចាំតាំងពីមេទ័ពអុីរ៉ង់ត្រូវអាមេរិក វាយប្រហារ សម្លាប់នៅក្នុងអាកាសយានដ្ឋានប្រទេសអុីរ៉ាក់មក៕
ដោយ៖ ធី រីណា