ក្រុមហ៊ុន ហួវៃរំសាយបុគ្គលិកជាង៧០ភាគរយនៅឥណ្ឌា ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុន ក៏បានធ្លាក់ចុះនៅលើទីផ្សារឥណ្ឌាផងដែរ គឺធ្លាក់រហូតដល់៥០ភាគរយ។
តាមសារព័ត៌មាន Financial Times គិតដល់ចុងឆ្នាំ២០១៩ ក្រុមហ៊ុនហួវៃបានកំណត់គោលដៅ ទទួលបានប្រាក់ចំណូលពី៧០០-៨០០លានដុល្លារអាមេរិក ក្នុងទីផ្សារឥណ្ឌាឆ្នាំ២០២០ គឺតិចជាងកាលពីឆ្នាំ២០១៧ ដែលមាន ប្រាក់ចំណូលដល់ទៅ១,២ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន បានកែប្រាក់ចំណូលនៅសល់តែ ៣៥០-៥០០ លានដុល្លារតែប៉ុណ្ណោះ ។
នៅពេលនេះក្រុមហ៊ុន ចិនបានផ្អាករាល់គម្រោង ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ។ ទន្ទឹមនិងនោះ ក្រុមហ៊ុនបានកាត់បន្ថយ បុគ្គលិកឥណ្ឌាដល់ទៅ ៧០ភាគរយ ដោយរក្សាទុកតែបុគ្គលិកស្រាវជ្រាវ និងអភិវឌ្ឍន៍ សេវាកម្មតែប៉ុណ្ណោះ។
ការប្រឈមមុខតានតឹងរវាងឥណ្ឌានិងចិន កាន់តែខ្លាំងឡើងក្រោយពេល កម្លាំងទាហានឥណ្ឌា និងចិនប៉ះទង្គិចគ្នានៅតំបន់ព្រំដែនមានវិវាទ បណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់។ តាំងពីពេលនោះមក ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មប្រឆាំងចិន ហើយនាំគ្នាឈប់ប្រើប្រាស់ ផលិតផលរបស់ចិន តែម្តង ។ ទាំងនោះហើយធ្វើឲ្យក្រុមហ៊ុនចិនរកស៊ីនៅឥណ្ឌា ប្រឈមបញ្ហាជាច្រើន៕