ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងមហាផ្ទៃ បានកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មី ដើម្បីធ្វើឱ្យច្បាប់មួយនេះពេលប្រកាសឱ្យប្រើប្រាស់ហើយនោះ កាន់តែមានភាពត្រឹមត្រូវ ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍កម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារតែច្បាប់អន្តោប្រវេសដែលប្រើប្រាស់តាំងពីឆ្នាំ១៩៩៤ដល់ពេលនេះ នៅមានចំណុចខ្វះខាត មិនទាន់ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ធ្វើឱ្យការអនុវត្តច្បាប់អន្តោប្រវេសន៍ជួបនូវបញ្ហាប្រឈម និងមានភាពស្មុកស្មាញ។
សម្តេចក្រឡាហោមបញ្ជាក់ថា ដោយមើលឃើញពីភាពចាំបាច់នៃការធ្វើវិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យានុម័តក្នុងការអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កន្លងមកការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសដែលចេញចូលក្នុងប្រទេសកម្ពុជា មានលក្ខណៈម៉ត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានា តាមសភាពការណ៍ជាក់ស្ដែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ស តារា