ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តិក្នុងចិត្តជាខ្លាំង បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅក្នុងទឹកទន្លេ តែត្រូវបានបងប្អូនប្រជានេសាទហែលទឹកទៅជួយស្រង់មកលើគោកវិញរួចផុតពីសេចក្ដីស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីនៅវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែសីហាឆ្នាំ២០២០ នៅចំណុចរង្វង់មូលកួចកាណុងជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើនេះមានឈ្មោះ ហឿន អាយុជាង៣០ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅកន្លែងធ្វើការ បានជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1AG-3747 មកលើស្ពានជ្រោយចង្វាថ្មី ក៏ធ្វើសកម្មភាពលោតចូលទៅក្នុងទឹកទន្លេដោយបន្សល់ទុកម៉ូតូនៅលើស្ពានចោល ទើបបង្កឲ្យមានការភ្ញាក់ផ្អើលស្រែកឆោរឡោពីប្រជាពលរដ្ឋដែលឃេីញ លឺសូរដល់បុរសម្នាក់ឈ្មោះ ម៉ូវ វន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរច្រាំងទន្លេ បានហែលទឹកទៅជួយស្រង់យកបុរសនោះមកលើគោកវិញ និងជួយធ្វើចលនា រហូតដល់បុរសនោះដឹងខ្លួនវិញ។
បុរសរងគ្រោះឈ្មោះ ហឿន ខាងលើនេះបានត្រឹមអង្គុយយំរៀបរាប់យ៉ាងខ្លីទាំងទឹកភ្នែកថា “ជំពាក់លុយគេអាចរកសងគេថ្ងៃណាក៏បានដែរ តែបើជំពាក់កម្មគេគឺពិបាករស់ណាស់” ។
តែទោះជាយ៉ាងណា យើងនៅពុំទាន់ដឹងពីមូលហេតុ ដែលធ្វើឱ្យគាត់សម្រេចចិត្តចង់បញ្ចប់ជីវិតខ្លួនបែបនេះទេ ដោយបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជួយព្យាយាមសម្រួលអារម្មណ៍គាត់ឡើងវិញ ។ ក្រោយមកក៏មានសាច់ញាតិនិងក្រុមការងាររួមគ្នាបានមកដល់កន្លែងកើតហេតុ ហេីយនាំបុរសរងគ្រោះខាងលើឲ្យត្រលប់ទៅកន្លែងស្នាក់នៅវិញ៕
ដោយ៖ ភារ៉ា ដង្កោ