អន្តរជាតិ៖ នេះជាលើកដំបូងបង្អស់ ដែលយោធាចិន បានបង្ហាញយន្តហោះចម្បាំងទម្លាក់គ្រាប់បែកស៊េរីទំនើបធុន H-6G និង H-6J ជាផ្លូវការ ក្នុងការធ្វើសមយុទ្ធទាំងថ្ងៃទាំងយប់យ៉ាងសកម្មក្នុងសមុទ្រចិនខាងត្បូង ។ ការធ្វើសមយុទ្ធនេះ បន្ទាប់ពីមានការប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី ៣០ ខែកក្កដាកាលពីថ្មីៗនេះ ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang ថ្លែងនៅសន្និសីទព័ត៌មានមួយ បានបញ្ជាក់ថា យន្តហោះសង្គ្រាមរបស់ចិន បានបញ្ចប់ការធ្វើសមយុទ្ធដោយជោគជ័យ រួមមាន៖ ការហោះឡើងនិងចុះចតក្នុងពេលយប់ និងពេលថ្ងៃ ការបាញ់ប្រហាររយៈចម្ងាយឆ្លយ និងការបាញ់ប្រហារចំគោលដៅសមុទ្រ។
បើតាមសារព័ត៌មានរដ្ឋចិន Global Times បានចេញផ្សាយដោយដកស្រង់សម្តី លោក Ren និយាយថា ការធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង គឺជាផ្នែកនៃការហ្វឹកហ្វឺនជាទម្លាប់ ហើយរួមចំណែកដល់សមត្ថភាពផ្នែកបច្ចេកទេសរបស់អ្នកបើកបរយន្តហោះ ក៏ដូចជាសមត្ថភាពប្រយុទ្ធគ្រប់កាលៈទេសៈរបស់កងទ័ពផងដែរ។ ដោយផ្អែកលើរូបភាពដែលថតពីផ្កាយរណប ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថាយន្តហោះទម្លាក់គ្រាប់បែក H-6J ចំនួន៤គ្រឿង ត្រូវបានប្រទះឃើញជាលើកដំបូងក្នុងមូលដ្ឋានជើងទឹករបស់កងទ័ពរំដោះប្រជាជនចិនក្នុងតំបន់ស្វ័យតគ័ងស៊ីក្នុងខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។
ដោយឡែកអ្នកជំនាញឧស្សាហកម្មអាកាសចរណ៍ចិន លោក Wang Ya’nan ក៏បានប្រាប់សារព័ត៌មានចិន Global Timesដែរថាក្រសួងការពារជាតិចិន បានបញ្ជាក់ពីការធ្វើសមយុទ្ធរបស់យន្តហោះទម្លាក់គ្រាប់បែក H-6 យ៉ាងលម្អិត ហើយបង្ហាញពិភពលោកថា ចិនមានសមត្ថភាពក្នុងការការពារសិទ្ធិនិងអធិបតេយ្យជាតិរបស់ខ្លួន។
សមយុទ្ធនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកសមុទ្រចិនខាងត្បូងជាអាណាចក្រសមុទ្ររបស់ខ្លួន។ អាមេរិកអះអាងទៀតថា ចិនបានរំលោភច្បាប់អន្តរជាតិក្នុងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ដដែល សរសេរថា យន្តហោះទម្លាក់គ្រាប់ H-6J អាចបំពាក់ក្បាល់គ្រាប់មីស៊ីលបាញ់នាវាចម្បាំងល្បឿនលឿន YJ-12 រហូតដល់៧គ្រាប់ឯណោះ ដោយ៦គ្រាប់បំពាក់នៅក្រោមស្លាបយន្តហោះ និង១គ្រាប់ទៀតដាក់ក្នុងកាណុងកាំភ្លើង។ម្យ៉ាងទៀត សមត្ថភាពអាវុធរបស់យន្តហោះទម្លាក់គ្រាប់បែក H-6J គឺខ្លាំងជាង២ដង បើធៀបនឹងយន្តហោះសង្គ្រាម H-6G ជាមួយអង្កត់ផ្ចិតវាយប្រយុទ្ធឆ្ងាយរហូតដល់៣៥០០គីឡូម៉ែត្រ។
ចំណែកអ្នកនាំពាក្យក្រសួងការបទេសចិន Wang Wenbin ថ្លែងក្នុងសប្តាហ៍នេះ បានឆ្លើយតបនឹងក្រុងវ៉ាស៊ីនតោន ដោយដកស្រង់របាយការណ៍ព័ត៌មានថា ៖សហរដ្ឋអាមេរិកបានធ្វើបេសកកម្មយោធាជាង២០០០ដង ក្នុងសមយុទ្ធចិនខាងត្បូងនៅត្រឹមពាក់កណ្ដាលដើមឆ្នាំ២០២០ នេះតែឯង។
លោក Wang បន្តថា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា យន្តហោះចម្បាំងអាមេរិកបានបញ្ជូនយន្តហោះឈ្លបយកការណ៍ក្នុងសមយុទ្ធចិនខាងត្បូង១២ថ្ងៃជាប់គ្នា ហើយកាលពីថ្មីៗនេះ អាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងចូលដែនទឹកមួយនេះ ខណៈហៅឲ្យសម្ព័ន្ធមិត្តបញ្ជូននាវាចម្បាំង ចូលរួមជាមួយខ្លួនក្នុងសមុទ្រចិនខាងត្បូងផងដែរ៕ដោយ៖ស តារា