ចិន ប្រើយន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែកស៊េរីទំនើប ធ្វើ​សមយុទ្ធ​ទាំងថ្ងៃទាំងយប់​យ៉ាងសកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ នេះជាលើកដំបូង​បង្អស់ ​ដែល​យោធា​ចិន​ បានបង្ហាញ​យន្តហោះ​ចម្បាំងទម្លាក់​គ្រាប់បែកស៊េរីទំនើបធុន H-6G និង H-6J ជា​ផ្លូវការ​ ក្នុងការធ្វើសមយុទ្ធ​ទាំងថ្ងៃទាំងយប់​យ៉ាងសកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ការធ្វើសមយុទ្ធនេះ បន្ទាប់ពីមានការប្រកាស​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃទី ៣០ ខែកក្កដា​កាលពីថ្មីៗនេះ ។

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Ren Guoqiang ថ្លែង​នៅ​សន្និសីទ​ព័ត៌មានមួយ បានបញ្ជាក់ថា យន្តហោះ​សង្គ្រាម​របស់​ចិន បានបញ្ចប់​ការធ្វើ​សមយុទ្ធ​ដោយ​ជោគជ័យ រួមមាន៖ ការហោះ​ឡើង​និង​ចុះចត​ក្នុង​ពេលយប់ និង​ពេល​ថ្ងៃ ការបាញ់ប្រហារ​រយៈ​ចម្ងាយ​ឆ្ល​យ និង​ការបាញ់ប្រហារ​ចំ​គោលដៅ​សមុទ្រ​។

បើតាមសារព័ត៌មាន​រដ្ឋ​ចិន Global Times បានចេញផ្សាយដោយដកស្រង់សម្តី លោក Ren និយាយថា ការធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ផ្នែក​នៃ​ការហ្វឹកហ្វឺន​ជា​ទម្លាប់ ហើយ​រួមចំណែក​ដល់​សមត្ថភាព​ផ្នែក​បច្ចេកទេស​របស់​អ្នកបើកបរ​យន្តហោះ ក៏ដូចជា​សមត្ថភាព​ប្រយុទ្ធ​គ្រប់​កាលៈទេសៈ​របស់​កង​ទ័ព​ផងដែរ​។​ ដោយផ្អែកលើ​រូបភាព​ដែល​ថត​ពី​ផ្កាយរណប ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បាន​រាយការណ៍​ថាយន្តហោះ​ទម្លាក់​គ្រាប់បែក H-6J ចំនួន​៤​គ្រឿង ត្រូវបាន​ប្រទះឃើញ​ជា​លើកដំបូង​ក្នុង​មូលដ្ឋាន​ជើង​ទឹក​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ក្នុង​តំបន់​ស្វ័យ​ត​គ័ង​ស៊ីក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ​។

ដោយឡែកអ្នកជំនាញ​ឧស្សាហកម្ម​អាកាសចរណ៍​ចិន លោក Wang Ya’nan ក៏បានប្រាប់​សារព័ត៌មាន​ចិន Global Timesដែរថាក្រសួងការពារជាតិ​ចិន បានបញ្ជាក់​ពី​ការធ្វើ​សមយុទ្ធ​របស់​យន្ត​ហោះទ​ម្លា​ក់​គ្រាប់បែក H-6 យ៉ាង​លម្អិត ហើយ​បង្ហាញ​ពិភពលោក​ថា ចិន​មាន​សមត្ថភាព​ក្នុងការ​ការពារ​សិទ្ធិ​និង​អធិបតេយ្យ​ជាតិ​របស់ខ្លួន​។​

សមយុទ្ធ​នេះ ធ្វើឡើង​ក្រោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​សមុទ្រ​ចិន​ខាងត្បូង​ជា​អាណាចក្រ​សមុទ្រ​របស់ខ្លួន​។ អាមេរិក​អះអាង​ទៀតថា ចិន​បាន​រំលោភច្បាប់​អន្តរជាតិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​គួរបញ្ជាក់ថា យោងតាមរបាយការណ៍​ដដែល សរសេរថា យន្តហោះ​ទម្លាក់​គ្រាប់ H-6J អាច​បំពាក់​ក្បាល់​គ្រាប់​មី​ស៊ី​លបាញ់​នាវាចម្បាំង​ល្បឿន​លឿន YJ-12 រហូតដល់​៧​គ្រាប់​ឯណោះ ដោយ​៦​គ្រាប់​បំពាក់​នៅក្រោម​ស្លាប​យន្តហោះ និង​១​គ្រាប់​ទៀត​ដាក់​ក្នុង​កាណុង​កាំភ្លើង​។ម្យ៉ាងទៀត សមត្ថភាព​អាវុធ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6J គឺ​ខ្លាំង​ជាង​២​ដង បើ​ធៀប​នឹង​យន្តហោះ​សង្គ្រាម H-6G ជាមួយ​អង្កត់ផ្ចិត​វាយ​ប្រយុទ្ធ​ឆ្ងាយ​រហូតដល់​៣៥០០​គីឡូម៉ែត្រ​។

​ចំណែកអ្នកនាំពាក្យ​ក្រសួង​ការបទេស​ចិន Wang Wenbin ថ្លែងក្នុង​សប្តាហ៍​នេះ បានឆ្លើយតប​នឹង​ក្រុង​វ៉ាស៊ីនតោន ដោយ​ដកស្រង់​របាយការណ៍​ព័ត៌មាន​ថា ៖សហរដ្ឋអាមេរិក​បាន​ធ្វើ​បេសកកម្ម​យោធា​ជាង​២០០០​ដង ក្នុង​សមយុទ្ធ​ចិន​ខាងត្បូង​នៅត្រឹម​ពាក់កណ្ដាល​ដើមឆ្នាំ​២០២០ នេះ​តែឯង​។

​លោក Wang បន្តថា ចាប់តាំងពី​ថ្ងៃទី​១៥ ខែកក្កដា យន្តហោះ​ចម្បាំង​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ឈ្លបយកការណ៍​ក្នុង​សមយុទ្ធ​ចិន​ខាងត្បូង​១២​ថ្ងៃ​ជាប់​គ្នា ហើយ​កាលពី​ថ្មីៗ​នេះ អាមេរិក​ក៏បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​២​គ្រឿង​ចូល​ដែនទឹក​មួយ​នេះ ខណៈ​ហៅ​ឲ្យ​សម្ព័ន្ធមិត្ត​បញ្ជូន​នាវាចម្បាំង ចូលរួម​ជាមួយ​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print