ប.ស.ស បញ្ជាក់ដល់កម្មការិនីសម្រាលកូននៅមន្ទីរពេទ្យមិនមែនជាដៃគូ ក៏អាចទទួលប្រាក់បំណាច់៧០ភាគរយ​ដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅាត់​ (ប.ស.ស) បានរម្លឹកដល់កម្មការិនីដែលសម្រាលកូននៅមន្ទីរពេទ្យ មិនមែនជាដៃគូ​ ប.ស.ស​ ក៏អាចទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃចំនួន៧០ភាគរយ​ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានបានដែរ ដោយតម្រូវឱ្យមានឯកសារបញ្ជាក់ភ្ជាប់មកជាមួយ។

​លោក​ ហេង​ សុផាន់ណារិទ្ធ ប្រធានគោលនយោបាយជាតិ នៃ​ ប.ស.ស​ បានឱ្យដឹងថា​ ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ​ នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទាន នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួច ចំពោះកម្មការិនីដែលសម្រាលកូននៅមន្ទីរពេទ្យមិនមែនជាដៃគូបេឡាជាតិរបបសន្តិសុខសង្គមក៏អាចទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន ប៉ុន្តែត្រូវទៅពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម បន្ទាប់មកអាចយកឯកសារមកដាក់ស្នើសុំបាន។

លោក បន្តថា ឯកសារតម្រូវភ្ជាប់មកជាមួយ រួមមាន៖ ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់សំបុត្រកំណើត ឬបញ្ជាក់ថាបានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទបានច្បាស់លាស់, ច្បាប់ឈប់សម្រាក ៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ, ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ និងលិខិតផ្ទេរសិទ្ធិ ប្រសិនអនុញ្ញាតិឱ្យប្តី ឬសាច់ញាតិរបស់ខ្លួន ត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ប្តី ឬសាច់ញាតិ។

​លោកបានបញ្ជាក់បន្ថែមថា សម្រាប់ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ៧០%នេះ គឺអនុវត្តបានតែសមាជិកបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់វិស័យឯកជនតែប៉ុណ្ណោះ រីឯសម្រាប់មន្ត្រីរាជការមិនផ្តល់ជូននោះទេ។ ហើយចំពោះបញ្ហានេះ លោកបញ្ជាក់ជូនទៀតថា ករណីដែលកម្មការិនីខាងលើអាចទទួលប្រាក់នេះបាន ទាល់តែនិយោជក ឬថៅកែ ត្រូវបានបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមយ៉ាងតិច០៩ខែ ក្នុងអំឡុងពេល១២ខែចុងក្រោយ គិតរហូតដល់ខែសម្រាលកូន។

គិតរហូតមកទល់បច្ចុប្បន្ននេះ សហគ្រាស គ្រឹះស្ថានផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ) មានចំនួន១,៥៩៤ ស្មើនឹងកម្មករនិយោជិតសរុបចំនួនជាង ១លាន ៦សែននាក់។ ចំណែកឯ ផ្នែកថែទាំសុខភាព សហគ្រាស គ្រឹះស្ថានមានចំនួនជាង១ម៉ឺន ១ពាន់ និងមានកម្មករសរុបចំនួនជាង ១លាន ៧សែននាក់។ សូមបញ្ជាក់ថា ដោយឡែក មូលដ្ឋានសុខាភិបាល ដែលជាដៃគូសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម សរុបចំនួន១,៤២៣ ក្នុងនោះមន្ទីរពេទ្យថ្នាក់ជាតិមានចំនួន៥, មន្ទីរពេទ្យបង្អែកមានចំនួន១១៦, មណ្ឌលសុខភាពមានចំនួន១,២០៥ និងមន្ទីរពេទ្យឯកជនចំនួន៩៧៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print