ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅាត់ (ប.ស.ស) បានរម្លឹកដល់កម្មការិនីដែលសម្រាលកូននៅមន្ទីរពេទ្យ មិនមែនជាដៃគូ ប.ស.ស ក៏អាចទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃចំនួន៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានបានដែរ ដោយតម្រូវឱ្យមានឯកសារបញ្ជាក់ភ្ជាប់មកជាមួយ។
លោក ហេង សុផាន់ណារិទ្ធ ប្រធានគោលនយោបាយជាតិ នៃ ប.ស.ស បានឱ្យដឹងថា ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទាន នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួច ចំពោះកម្មការិនីដែលសម្រាលកូននៅមន្ទីរពេទ្យមិនមែនជាដៃគូបេឡាជាតិរបបសន្តិសុខសង្គមក៏អាចទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន ប៉ុន្តែត្រូវទៅពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម បន្ទាប់មកអាចយកឯកសារមកដាក់ស្នើសុំបាន។
លោក បន្តថា ឯកសារតម្រូវភ្ជាប់មកជាមួយ រួមមាន៖ ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់សំបុត្រកំណើត ឬបញ្ជាក់ថាបានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទបានច្បាស់លាស់, ច្បាប់ឈប់សម្រាក ៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ, ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ និងលិខិតផ្ទេរសិទ្ធិ ប្រសិនអនុញ្ញាតិឱ្យប្តី ឬសាច់ញាតិរបស់ខ្លួន ត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ប្តី ឬសាច់ញាតិ។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ៧០%នេះ គឺអនុវត្តបានតែសមាជិកបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់វិស័យឯកជនតែប៉ុណ្ណោះ រីឯសម្រាប់មន្ត្រីរាជការមិនផ្តល់ជូននោះទេ។ ហើយចំពោះបញ្ហានេះ លោកបញ្ជាក់ជូនទៀតថា ករណីដែលកម្មការិនីខាងលើអាចទទួលប្រាក់នេះបាន ទាល់តែនិយោជក ឬថៅកែ ត្រូវបានបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមយ៉ាងតិច០៩ខែ ក្នុងអំឡុងពេល១២ខែចុងក្រោយ គិតរហូតដល់ខែសម្រាលកូន។
គិតរហូតមកទល់បច្ចុប្បន្ននេះ សហគ្រាស គ្រឹះស្ថានផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ) មានចំនួន១,៥៩៤ ស្មើនឹងកម្មករនិយោជិតសរុបចំនួនជាង ១លាន ៦សែននាក់។ ចំណែកឯ ផ្នែកថែទាំសុខភាព សហគ្រាស គ្រឹះស្ថានមានចំនួនជាង១ម៉ឺន ១ពាន់ និងមានកម្មករសរុបចំនួនជាង ១លាន ៧សែននាក់។ សូមបញ្ជាក់ថា ដោយឡែក មូលដ្ឋានសុខាភិបាល ដែលជាដៃគូសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម សរុបចំនួន១,៤២៣ ក្នុងនោះមន្ទីរពេទ្យថ្នាក់ជាតិមានចំនួន៥, មន្ទីរពេទ្យបង្អែកមានចំនួន១១៦, មណ្ឌលសុខភាពមានចំនួន១,២០៥ និងមន្ទីរពេទ្យឯកជនចំនួន៩៧៕ដោយ៖ស តារា