មន្ត្រីគ្រាក់ៗប្រមាណ១០នាក់ប្រឈមនឹងការអស់តំណែង ខណៈការស៊ើបអង្កេតបទល្មើសកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី កំពុងដំណើរការយ៉ាងក្តៅគគុក

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយស្តីពី«ការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងខេត្តមណ្ឌលគិរី» ។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា ការស៊ើបអង្កេតបទល្មើសនេះកំពុងដំណើរការយ៉ាងក្តៅគគុក ខណៈមន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរីប្រឈមនឹងការអស់តំណែង ។

មន្ត្រីគ្រាក់ៗប្រមាណ១០នាក់នៅខេត្តមណ្ឌលគិរី ដែលប្រឈមនឹងការអស់តំណែងនោះរួមមាន ៖

១-លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។

២-លោក ណយ ស្រុន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ។

៣-លោក ស៊ិន វណ្ណវុឌ្ឈ អភិបាលស្រុកកោះញែក ។

៤-លោក សៀក មុន្នី អភិបាលស្រុកអូររាំង ។

៥-លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ។

៦-លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ។

៧-លោក ពឿប ពេ មេឃុំស្រែព្រះ ។

៨-លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

៩-លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ។

១០-លោក ថាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក ។

នេះគ្រាន់តែជាបញ្ជីឈ្មោះមិនផ្លូវការ ដែលប្រភពព័ត៌មានបង្ហើបប្រាប់ឱ្យដឹង តែប៉ុណ្ណោះ ដោយការសម្រេចយ៉ាងណា នោះ នឹងដឹងពិតប្រាកដនាពេលឆាប់ៗខាងមុខនេះ ។ 

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្រុមការងារនេះមានតួនាទី និង ភារកិច្ចដូចខាងក្រោម ៖

-ចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឱ្យបានជាក់ស្តែង និងប្រមូលឯកសារ និងភស្តុតាងនានា ពាក់ព័ន្ធជាមួយមន្ត្រី និងអ្នកពាក់ព័ន្ធសកម្មភាពទាំងនោះ ។

-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការចុះស្រាវជ្រាវនេះ ។

-សិក្សានិងលើកយោបល់អំពីវិធានការដោះស្រាយសមស្របនានាចំពោះករណីនីមួយៗ តាមការជាក់ស្តែង ។

-រៀបចំរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យសិក្សា និង វិធានការដោះស្រាយនានា ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ។

-អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

ជាការកត់សម្គាល់ សេចក្តីសម្រេចរបស់ សម្តេច ស ខេង នាពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចម្ការស្រស់សាធារណៈរបស់រដ្ឋប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជាមួយគ្នានេះ ឯកសារមួយចំនួនដែលពាក់ព័ន្ធគ្នាបង្ហាញពីការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីជាដើម ៕ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print