អន្តរជាតិ៖ បន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ រដ្ឋបាលរបស់លោកកំពុងពិចារណាលើសកម្មភាពប្រឆាំងនឹង ក្រុមហ៊ុនTikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនទូទាំងពិភពលោក ដែលត្រូវបានគេចោទប្រកាន់ថា បានលើកឡើងពីកង្វល់សន្តិសុខជាតិ។ ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានកំពុងពិភាក្សាដើម្បីទិញយកក្រុមហ៊ុន TikTok។ នេះបើតាមការចេញផ្សាយពីកាសែតញូវយ៉កថែមស៍ កាលពីថ្ងៃសុក្រសប្ដាហ៍មុនកន្លងទៅថ្មីៗនេះ ។
សូមជម្រាបថា កាលពីថ្ងៃសុក្រ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ « យើងអាចនឹងហាមឃាត់ TikTok ហើយយើងក៏អាចធ្វើអ្វីច្រើនជាងនេះដែរ »។ ចំណែកឯសេតវិមាន ក៏បាននិយាយថា ក្រុមហ៊ុនTikTok អាចកេងចំណេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក ខណៈសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានផ្ញើលិខិតមួយទៅរដ្ឋបាលកាលពីថ្ងៃអង្គារ ដោយព្រមានថាចិនអាចប្រើកម្មវិធីនេះដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក។
ប៉ុណ្ណោះទោះបីជាយ៉ាងណា កាសែតញូវយ៉កថែមស៍ និយាយថា គេមិនច្បាស់ទេថា៖ តើកិច្ចពិភាក្សាបានរីកចម្រើនដល់កម្រិតណា ខណៈក្រុមហ៊ុន TikTok បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ។ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ខ្លួនមានទំនុកចិត្តលើភាពជោគជ័យរយៈពេលវែងរបស់ TikTok ៕ដោយ៖ស តារា