អាជ្ញាធរវៀតណាម បន្តរកឃើញករណីឆ្លងថ្មីចំនួន ៣០​ករណីថែមទៀត និង​ម្នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ ករណី​ឆ្លង COVID-19 នៅ​ប្រទេសវៀតណាម នៅតែ​បន្ត​កើនឡើង ហើយ​ករណី​ឆ្លង​ភាគច្រើន គឺមាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​ទីក្រុង​ដា​ណា​ង ខណៈ​ករណី​តិចតួច​ប៉ុណ្ណោះ គឺជា​ករណី​ឆ្លង​មកពី​បរទេស​។ ជាក់ស្តែងនៅ​ល្ងាច​ថ្ងៃទី​២ ខែសីហាម្សិលមិញនេះក្រសួងសុខាភិបាល​វៀត​ណា​ម បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៣០​ករណី និង​ស្លាប់ ១​នាក់​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៣ខែសីហា វៀតណាម​មាន​ករណី​ឆ្លង​ថ្មី​ត្រឹមតែ ១​ករណី​ប៉ុណ្ណោះ​ ។ ក្នុងចំណោម​ករណី​ទាំង​៣០​នេះ មាន​ករណី​ឆ្លង​មកពី​បរទេស​តែមួយ​ករណី​ប៉ុណ្ណោះ ក្រៅពីនោះ​គឺជា​ករណី​ឆ្លង មាន​ពាក់ព័ន្ធ​នឹង​ការឆ្លងក្រុង​ដា​ណា​ង​។

​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នេះ អាជ្ញាធរ​ក្រុង​ដា​ណា​ង​ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា៖ អាជ្ញាធរ ពិបាក​រក​ប្រភពដើម​នៃ​ការផ្ទុះ COVID-19ណាស់ ព្រោះ​មាន​ប្រភព​ឆ្លង និង​ករណី​ឆ្លង​ជាច្រើន​នៅក្នុង​ទីក្រុង​។ សេចក្តីថ្លែងការណ៍​ដដែល បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​ចាត់វិធានការ​មិន​ធ្លាប់មាន​ជា​បន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស ក្នុងនោះ​មានដូចជា ការ​កេណ្ឌ​សិស្ស​យោធា​ជាច្រើន​នាក់ ដើម្បី​ស្វែងរក​ប្រភព​COVID-19 និង​ប្រមូល​សំណាក ដើម្បី​ធ្វើតេស្ត​ជាដើម​។​

ដោយឡែកនៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា វៀតណាម បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​តែ ១​ករណី​ប៉ុណ្ណោះ គឺជា​ស្ត្រី​វ័យ​៦០​ឆ្នាំ ដែល​ករណីនេះ​មាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យក្រុង​ដា​ណា​ង​ដដែល​។ តួលេខ​សរុប វៀតណាម​មាន​ករណី COVID-19 សរុប​ចំនួន ៦២១​ករណី និង​អ្នកស្លាប់​ចំនួន ៦​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧៣​នាក់​។

គួរបញ្ជាក់ថា អ្នកស្លាប់​នៅ​វៀតណាម ក៏​កើនឡើង​ម្នាក់​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​មាន​៦​នាក់​។ អ្នកស្លាប់​ចុងក្រោយ គឺជា​ស្ត្រី ៥៣​ឆ្នាំ ដែលមាន​ជំងឺ​បេះដូង ទឹកនោមផ្អែម និង​ឈឺសន្លាក់​ក្នុង​ខ្លួន​ស្រាប់​ផង​។

បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល​វៀតណាម ប្រជាជន​រហូតដល់ ៨០​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ដា​ណា​ង ចាប់តាំងពី​ថ្ងៃទី​១ ខែកក្កដា កន្លងមក ហើយ​ក្នុងនោះ​មនុស្ស​ប្រមាណ ៤១០០០​នាក់ បាន​ទៅ​មន្ទីរពេទ្យក្រុង​ដា​ណា​ង​ទាំង​៣ ដែលជា​កន្លែង​មាន​ករណី​ឆ្លង​COVID-19 ដំបូង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print