ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក កុយ គួង បានថ្លែងថា៖ អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញបានចូលរួមស្តាប់សាវនាការ និងតាមដានករណីស្ត្រីខ្មែរ ដែលវៀតណាមកាត់ទោសប្រហារជីវិត ទាក់ទងការជួញដូរគ្រឿងញៀន ដោយយកចិត្តទុកដាក់បំផុត និងកំពុងជួយគាត់លើកបញ្ហានេះហើយ។
ពាក់ព័ន្ធករណីខាងលើនេះដែរ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនទាន់អាចសុំការបញ្ជាក់បានទេ ប៉ុន្តែលោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងសំណុំរឿងស្ត្រីខ្មែរ ដែលត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែនមិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ពោលគឺនៅសល់ដំណាក់កាលជម្រះក្ដីនៅថ្នាក់ឧទ្ទរណ៍បន្តទៀត។ លោកបន្ថែមថា ដំណាក់កាលឧទ្ទរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់វៀតណាម ដែលកាត់ទោសប្រហារជីវិតនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បន្តថា មួយផ្នែកនៃសំណុំរឿងស្ត្រីខ្មែរនេះ អាចប្រើយន្តការផ្នែកច្បាប់ ដែលមានស្រាប់រវាងកម្ពុជា និងវៀតណាម គឺកិច្ចព្រមព្រៀងធ្វើបត្យាប័ន និងផ្ទេរទណ្ឌិត។ ចំពោះការធ្វើបត្យាប័ននោះកម្ពុជា នឹងស្នើសុំយកមកផ្ដន្ទាទោស និងដំណើរការក្ដីនៅកម្ពុជា។ ចំណែកការផ្ទេរទណ្ឌិតវិញ សំដៅដល់ការប្រព្រឹត្តបទល្មើសនៅវៀតណាម ហើយទទួលបានការកាត់ទោសរួចរាល់ កម្ពុជាអាចស្នើសុំផ្ទេរទណ្ឌិត មកអនុវត្តទោសនៅកម្ពុជា។ ដូច្នេះសំណុំរឿងស្ត្រីខ្មែរ ដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន អាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។
គួរបញ្ជាក់ថា តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានឲ្យដឹងថា តុលាការប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាមបានសម្រេចកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ ពីបទជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា–វៀតណាម ដែលសវនាការ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា។ ស្ត្រីរូបនេះមានឈ្មោះ មៀច ស្រីនាង ដែលកើតនៅឆ្នាំ១៩៩៣ និងរស់នៅរាជធានីភ្នំពេញ ត្រូវប៉ូលីសវៀតណាមចាប់ស្ត្រីរូបនេះ នៅព្រំដែនអន្តរជាតិបាវិត–ម៉ុកបៃ នាច្រកខាងខេត្តតៃនិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ នៅពេលឃាត់ខ្លួន ប៉ូលីសវៀតណាមបានរកឃើញថា បានជួញដូរមេតំហ្វីតាមីន៥កញ្ចប់ ដែលមានទម្ងន់ជិត៥០០០ក្រាម៕ដោយ៖ស តារា