ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេៈ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីកម្ម និងសំណង់ នៃរដ្ឋសភា ត្រូវបានទទួលស្វាគមន៍ និងសំណេះសំណាលជាមួយ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនោះ លោកស្រីប្រធាន បានជម្រាបពីគោលបំណងនៃបេសកកម្ម ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា លិខិតបទដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ជាពិសេសពាក់ព័ន្ធនិងវិស័យដែលគណៈកម្មការទី៩នៃរដ្ឋសភាទទួលខុសត្រូវ និងស្ថានភាពទូទៅនៃការអភវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ របស់ប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងខេត្តពោធិ៍សាត់។ទន្ទឹមនឹងនេះលោកស្រីក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលមានភារកិច្ចស្នូល៣ គឺភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកស្រីប្រធានក៏បានលើកពីការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កើនឲ្យមានការព្រួយបារម្ភជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទាំងក្នុងតំបន់ និងសកលលោក។ លោកស្រីប្រធានបានបញ្ជាក់ថា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជាពិសេសក្រសួងសុខាភិបាល តែងតែចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ៕
ដោយ៖ សិលា