ប៉េកាំង៖រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថានឹងតបតវិញប្រសិនបើ អ្នកសារព័ត៌មានចិនបំពេញការងារនៅអាមេរិក ត្រូវបានបង្ខំឲ្យចាកចេញពីអាមេរិកនោះ ។ ការព្រមានខាងលើរបស់ចិន ក្រោយពេលអាមេរិក រិតត្បិតចំពោះអ្នកសារព័ត៌មានចិនមកពីប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន៤របស់ចិន។
នៅលើបណ្តាញសង្គមTwitter កាលនៅថ្ងៃទី៤ខែសីហា និពន្ធនាយកកាសែត Global Times លោក Hu Xijinបានបញ្ជាក់ថា មកទល់ពេលនេះ ភាគីអាមេរិក មិនទាន់ ពន្យាទិដ្ឋាការ ដល់អ្នកសារព័ត៌មានចិនដែលជិតផុតកំណត់។ ទាំងនោះហើយបង្កក្តីបារម្ភយ៉ាងខ្លាំង ថាអាមេរិកអាចនឹងមិនបន្តទិដ្ឋាការដល់អ្នកសាសែតចិន។
លោក Hu Xijin បានបញ្ជាក់ថា ប្រសិនបើអាមេរិក មិនបន្តវីសា ភាគីចិននឹងមានវិធានការតបតវិញសំដៅទៅលើអ្នកសារព័ត៌មានអាមេរិកដែលបំពេញការងារនៅក្នុងប្រទេសចិន។
កាលពីខែ មិថុនា កន្លងមក អាមេរិក បានប្រកាសរិតបន្តឹងការគ្រប់គ្រងចំពោះស្ថានប័នព័ត៌មានធំៗរបស់ចិនចំនួន៤ គឺ បណ្តាញទូរទស្ស China Central Television (CCTV), China News Service, People’s Daily និង Global Times។ កាលពីខែកុម្ភៈកន្លងមក អាមេរិកបានអនុម័តដូចគ្នានេះដែរទៅលើបណ្តាញព័ត៌មានធំៗចំនួន៥ក្នុងនោះមានសារព័ត៌មានស៊ីនហួ និង China Daily ៕