ខេត្តកណ្តាល៖ យុវជន២នាក់បានរងរបួសយ៉ាងធ្ងន់រហូតបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីយុវជនទាំង២នាក់នេះជិះម៉ូតូកញ្ចាស់មួយគ្រឿងគ្មានភ្លើងបំភ្លឺមើលផ្លូវជ្រុលទៅបុកជាមួយរថយន្តដឹកផ្លែស្វាយបើកច្រាស់ទិសគ្នាពេញមួយទំហឹង ។ ដោយឡែកអ្នកបើកបររថយន្ត បានព្យាយាមបើកគេចចេញពីចំណុចកើតហេតុបានប្រមាណ៣០០ម៉ែត្ររួចឈប់រថយន្តចុះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុង ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិពោធិ៍តូច ឃុំលំពង់ហ្លួង ស្រុកពញាឮ ជាអ្នកបើកបរម៉ូតូធុនសេ១០០កូរ៉េ (ម៉ូតូកញ្ចាស់ គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺមើលផ្លូវ គ្មានបំពាក់កញ្ចក់) និងម្នាក់ទៀតជាអ្នករួមដំនើរជាមួយឈ្មោះ សៀវ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ចំណុះ៥តោន ពាក់សស្លាកលេខភ្នំពេញ3A-0300 ជារថយន្តដឹកផ្លែស្វាយបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ខាងលើនេះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខេត្តកំពង់ឆ្នាំឆ្ពោះទៅរាជធានីភ្នំពេញ ដោយម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវនោះទេ ខណៈបើកដល់ចំណុចកើតហេតុបានបុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកផ្លែស្វាយ ដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យជនរងគ្រោះទាំង២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត បានព្យាយាមបើកគេចចេញពីចំណុចកើតហេតុបានប្រមាណ៣០០ម៉ែត្រ រួចឈប់រថយន្តចុះគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកពញាឮធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទោធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ