មន្រ្តីជាប់ខ្ពស់សហរដ្ឋអាមេរិក នឹងបញ្ជូន​រដ្ឋមន្ត្រី​ទៅ​កាន់កោះតៃវ៉ាន់​ ជា​លើកដំបូង​ក្នុង​រយៈពេល​២០​ឆ្នាំ តែ​រដ្ឋាភិបាលចិន​ប្រឆាំង

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ជូនរដ្ឋមន្ត្រីរបស់ខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចរបស់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិកត្រូវបានគេចាត់ទុកថា ជាទស្សនកិច្ចកម្រិតខ្ពស់ ហើយទំនងជាអាចនឹងធ្វើឲ្យទំនាក់ទំនងជាមួយប្រទេសចិនកាន់តែក្ដៅដែរ ប៉ុន្តែត្រូវបានរដ្ឋាភិបាលចិនជំទាស់គម្រោងទស្សនកិច្ចមួយនេះ មិនតែប៉ុណ្ណោះចិន ក៏បានព្រមានអាមេរិកពីផលប៉ះពាល់ដល់សន្តិសុខតំបន់ផងដែរ

យោងតាមទីភ្នាក់ងារព័ត៌មាន AFP​ បាននិយាយថា ការិយាល័យជំនួញរបស់អាមេរិកនៅទីក្រុងតៃប៉ិ ដែលតួជាស្ថានទូតអាមេរិកប្រចាំតៃវ៉ាន់បានបញ្ជាក់ថែមថា លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាល និងសេវាកម្មប្រជាជនអាមេរិក នឹងដឹកនាំគណៈប្រតិភូក្នុងទស្សនកិច្ចកម្រិតខ្ពស់មួយនេះនៅកោះតៃវ៉ាន់ ចំណែកឯក្រសួងការបរទេសតៃវ៉ាន់ ក៏បានបញ្ជាក់ពីទស្សនកិច្ចនេះដែរ ដោយបន្ថែមថាលោក Azar នឹងជួបជាមួយប្រធានាធិបតី Tsai Ing-wen រដ្ឋមន្ត្រីការបរទេស និងសុខាភិបាលកោះតៃវ៉ាន់

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់ បានចាត់ទុកលោក Azar ជាមិត្តស្មោះស្ម័គ្ររបស់តៃវ៉ាន់ជាយូរមកហើយ និងរៀបរាប់ដំណើរទស្សនកិច្ចនេះថា ជាភស្តុតាងបង្ហាញពីមូលដ្ឋានគ្រឹះយ៉ាងរឹងមាំស្តីពីការទុកចិត្តគ្នាទៅវិញទៅមករវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ

​​ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងសេវាប្រជាជនអាមេរិកនៅថ្ងៃទី ខែសីហាកន្លងទៅនេះ លោក Azar ក៏នឹងជួបអ្នកជំនាញជំងឺ COVID-19 ដើម្បីពិភាក្សាប្រធានបទមួយចំនួនដូចជាការឆ្លើយតបទៅនឹងជំងឺ​COVID-19 សុខាភិបាលសកល ភាពជាដៃគូរវាងអាមេរិកនិងតៃវ៉ាន់ ក៏ដូចជាតួនាទីតៃវ៉ាន់ដែលជាប្រទេសដ៏គួរឲ្យទុកចិត្តក្នុងការផ្គត់ផ្គង់បរិក្ខាវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ

ជុំវិញបញ្ហាខាងលើនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានព្រមានថា៖ ចិនប្រឆាំងការធ្វើទំនាក់ទំនងផ្លូវការរវាងអាមេរិក និងតៃវ៉ាន់ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ខែសីហា លោក Wang បញ្ជាក់ថា «​យើងទទូចឲ្យអាមេរិកប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ បញ្ឈប់រាល់ការផ្លាស់ប្ដូរគ្រប់ទម្រង់ជាមួយតៃវ៉ាន់ និងមិនត្រូវផ្ដល់សារខុសឆ្គងដល់កម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ឡើយ​»

សូមជម្រាបថា សហរដ្ឋអាមេរិក ធ្លាប់មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ មុននឹងផ្តាច់ទំនាក់ទំនងនេះនៅឆ្នាំ១៩៧៩ បើទោះបីជាលែងមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាយ៉ាងណាក្តី អាមេរិកនៅតែបន្តជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ទៅឲ្យតៃវ៉ាន់ បើតាមការពិតទៅ រដ្ឋបាលអាមេរិកពីមុនៗ តែងតែប្រយ័ត្នប្រយែងក្នុងការធ្វើទស្សនកិច្ចផ្លូវការទៅតៃវ៉ាន់ ប៉ុន្តែនៅក្រោមរដ្ឋបាលរបស់លោកត្រាំ អាមេរិកតែងតែលើកតម្កើងតៃវ៉ាន់ ដែលជាវិធីក្នុងការវាយបកទៅកាន់ចិនវិញ ជាពិសេសក្នុងបរិបទដែលចិន និងអាមេរិកកំពុងប៉ះទង្គិចគ្នាជារឿយៗ

គួរបញ្ជាក់ថា លោក Azar ជារដ្ឋមន្ត្រីអាមេរិកទីមួយដែលបានទៅកោះតៃវ៉ាន់តាំងពីឆ្នាំ២០០០មកម្ល៉េះ ដោយឆ្នាំនោះ រដ្ឋមន្ត្រីដឹកជញ្ជូនក្រោមអាណត្តិរបស់អតីតប្រធានាធិបតី ប៊ី គ្លីតុ បានទៅតៃវ៉ាន់ នៅឆ្នាំ២០១៤ ក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា អាមេរិកបានបញ្ជូនប្រធានភ្នាក់ងារការពារបរិស្ថានដែលមានឋានៈស្មើរដ្ឋមន្ត្រីទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print