អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ការបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថ្កោលទោសទីក្រុងប៉េកាំង ហើយនាពេលថ្មីៗនេះ ប៉ូលីសហុងកុងបានចេញបញ្ជាឲ្យចាប់ខ្លួនសកម្មជនគាំទ្រប្រជាធិបតេយ្យ៦រូប ដែលកំពុងរស់នៅក្រៅប្រទេសនោះ រូបលោកបានសន្យាថា នឹងការពារសកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានរត់គេចខ្លួនចេញពីទីក្រុងនេះ ក្រោយការអនុវត្តច្បាប់សន្តិសុខជាតិ។
លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែសីហាម្សិលមិញថា «បក្សកុម្មុយនីស្តចិន មិនអាចទ្រាំទ្រនឹងគំនិតសេរីរបស់ប្រជាជនខ្លួនឯងបាន និងកំពុងខំប្រឹងកាន់តែខ្លាំងឡើងក្នុងការពង្រីកវិសាលភាពគំនិតរបស់នៅក្រៅព្រំដែនចិន»។ ប្រមុខការបរទេសអាមេរិករូបនេះ បន្ថែមថា អាមេរិក និងបណ្តាប្រទេសសេរីឯទៀត នឹងបន្តការពារពលរដ្ឋរបស់ខ្លួនពីការប៉ុនប៉ងរបស់របបផ្តាច់ការទីក្រុងប៉េកាំង។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយថា ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកបែបនេះ ធ្វើឡើងបន្ទាប់ពីប៉ូលីសហុងកុងកាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ បានចេញបញ្ជាឲ្យចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យហុងកុង៦ ដែលកំពុងរស់នៅនិរទេសខ្លួនទៅបរទេសក្រោមការសង្ស័យថាបានបំពានច្បាប់សន្តិសុខហុងកុង។ របាយការណ៍របស់ប៉ូលីសហុងកុង បានបង្ហាញថា សកម្មជនទាំង៦នាក់ព្យាយាមញុះញង់ឲ្យធ្វើអបគមន៍ផ្តាច់ខ្លួន និងគប់គិតជាមួយកម្លាំងបរទេស។
ការចេញបញ្ជាឲ្យចាប់ខ្លួនសកម្មជននៅក្រៅប្រទេសនេះ ក៏ត្រូវបានកត់សម្គាល់ថា ជាលើកទីមួយហើយដែលប៉ូលីសហុងកុង ប្រើប្រាស់អំណាចដែលមានក្នុងច្បាប់សន្តិសុខ យកទៅអនុវត្តនៅក្រៅប្រទេស។
សូមជម្រាបថា ក្នុងចំណោមសកម្មជនទាំង៦រូបនោះ មានលោក Samuel Chu ដែលជាប្រធានក្រុមប្រឹក្សាប្រជាធិបតេយ្យហុងកុង មានទីតាំងនៅអាមេរិក និងជាពលរដ្ឋអាមេរិករយៈពេល២៥ឆ្នាំមកហើយ។ ចំណែកឯបុគ្គលសំខាន់មួយរូបទៀត គឺលោក Nathan Law ដែលជាអតីតដែលធ្វើយុទ្ធនាការប្រជាធិបតេយ្យ ដែលបានរត់ភៀសខ្លួនទៅប្រទេសអង់គ្លេស។ លោក Nathan Law បានហៅការចោទប្រកាន់មកលើរូបលោកថា ជាការរឿងប្រឌិត។
គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ រដ្ឋាភិបាលចិនបានអនុម័តច្បាប់សន្តិសុខ ដែលផ្តន្ទាទោសអ្នកដែលប្រព្រឹត្តអំពើវិទ្ធង្សនា អបគមន៍ភេរវកម្ម និងឃុបឃិតជាមួយកម្លាំងបរទេស។ ក្រៅតែពីការរិះគន់និងបារម្ភពីផលប៉ះពាល់របស់ច្បាប់នេះ ទៅលើសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋហុងកុង ប្រទេសលោកខាងលិចមួយចំនួនមានអង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងអាល្លឺម៉ង់ជាដើមបានព្យួរកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុង៕ដោយ៖ស តារា