មន្រ្តីជាប់ខ្ពស់អាមេរិក អះអាងថា៖ នឹងការពារ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ដែល​បាន​រត់គេចខ្លួន​ចេញពីទីក្រុងមួយនេះ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេស​អា​មេ​រិ​ក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ការ​បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថ្កោលទោស​ទីក្រុង​ប៉េកាំង ហើយនាពេលថ្មីៗនេះ ​ប៉ូលីស​ហុងកុងបានចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​៦​រូប ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​នោះ រូបលោកបាន​សន្យាថា នឹង​ការពារ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ដែល​បាន​រត់គេចខ្លួន​ចេញពី​ទីក្រុង​នេះ ក្រោយ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​។

លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានលើកឡើងនៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​៥ ខែសីហាម្សិលមិញថា «​បក្ស​កុម្មុយនីស្ត​ចិន មិនអាច​ទ្រាំទ្រ​នឹង​គំនិត​សេរី​របស់​ប្រជាជន​ខ្លួនឯងបាន និង​កំពុង​ខំប្រឹង​កាន់តែខ្លាំង​ឡើង​ក្នុង​ការពង្រីក​វិសាលភាព​គំនិត​របស់​នៅក្រៅ​ព្រំដែន​ចិន​»​។ ប្រមុខ​ការបរទេស​អា​មេ​រិ​ក​រូបនេះ បន្ថែមថា អាមេរិក និង​បណ្តា​ប្រទេស​សេរី​ឯទៀត នឹង​បន្ត​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ពី​ការប៉ុនប៉ង​របស់រប​ប​ផ្តាច់ការ​ទីក្រុង​ប៉េកាំង​។​

បើតាម​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយថា ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ប៉ូលីស​ហុងកុង​កាលពី​ថ្ងៃទី​៣១ ខែកក្កដាកន្លងទៅនេះ ​បានចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​៦ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ទៅ​បរទេសក្រោម​ការសង្ស័យថា​បាន​បំពាន​ច្បាប់​សន្តិសុខ​ហុងកុង​។ របាយការណ៍​របស់​ប៉ូលីស​ហុងកុង បាន​បង្ហាញថា សកម្មជន​ទាំង​៦​នាក់​ព្យាយាម​ញុះញង់​ឲ្យ​ធ្វើ​អបគមន៍​ផ្តាច់ខ្លួន និង​គប់គិត​ជាមួយ​កម្លាំង​បរទេស​។

​ការចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​សកម្មជន​នៅក្រៅ​ប្រទេស​នេះ ក៏ត្រូវ​បានកត់សម្គាល់​ថា ជា​លើកទីមួយ​ហើយ​ដែល​ប៉ូលីស​ហុងកុង ប្រើប្រាស់​អំណាច​ដែលមាន​ក្នុង​ច្បាប់​សន្តិសុខ យកទៅអនុវត្ត​នៅក្រៅ​ប្រទេស​។​

​សូមជម្រាបថា ក្នុងចំណោម​សកម្មជន​ទាំង​៦​រូបនោះ មាន​លោក Samuel Chu ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាធិបតេយ្យ​ហុងកុង មាន​ទីតាំងនៅ​អាមេរិក និង​ជា​ពលរដ្ឋ​អាមេរិក​រយៈពេល​២៥​ឆ្នាំ​មកហើយ​។ ចំណែកឯ​បុគ្គល​សំខាន់​មួយរូប​ទៀត គឺ​លោក Nathan Law ដែលជា​អតីត​ដែល​ធ្វើ​យុទ្ធនាការ​ប្រជាធិបតេយ្យ ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​អង់គ្លេស​។ លោក Nathan Law បាន​ហៅ​ការចោទប្រកាន់​មកលើ​រូបលោក​ថា ជាការ​រឿងប្រឌិត​។​

​គួរបញ្ជាក់ថា កាលពី​ចុងខែ​មិថុនាកន្លងទៅ រដ្ឋាភិបាលចិន​បានអនុម័ត​ច្បាប់​សន្តិសុខ ដែល​ផ្តន្ទាទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​វិទ្ធង្សនា អបគមន៍ភេរវកម្ម និង​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​។ ក្រៅតែពី​ការរិះគន់​និង​បារម្ភ​ពី​ផលប៉ះពាល់​របស់​ច្បាប់​នេះ ទៅលើ​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​ហុងកុង ប្រទេស​លោកខាងលិច​មួយ​ចំនួន​មាន​អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​អាល្លឺម៉ង់​ជាដើម​បាន​ព្យួរ​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ហុងកុង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print