ក្លិបលីកកំពូលហុល្លង់គឺ Ajax បានបញ្ជាក់ថា មានកីឡាករនិងបុគ្គលិកមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីរាយការណ៍ថាមាន១៣ករណីសម្រាប់ក្រុមម្ចាស់ជើងឯកហុល្លង់Eredivisie មួយនេះ។ យោងតាមសារព័ត៌មានក្នុងស្រុកហុល្លង់ មានមនុស្ស១៣នាក់ក្នុងចំនោម៩០នាក់ដែលត្រូវបានធ្វើតេស្តត្រូវបានបង្ហាញថា មានតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តឈាមធ្វើឡើងបន្តបន្ទាប់កាលពីខែមិថុនារហូតដល់ខែសីហានេះ។ កីឡាករនិងគ្រូបង្វឹកមកពីក្រុមបាល់ទាត់ក្រុម Ajax ដំបូងឈ្មោះជុងអាហ្សា និងបុគ្គលិកដែលមានទំនាក់ទំនងជាមួយក្រុមផ្សេងទៀតត្រូវបានគេធ្វើតេស្តរកឃើញជំងឺឆ្លងនេះដែរ។ប្រធានផ្នែកទំនាក់ទំនងរបស់ក្លិប Ajax លោក Miel Brinkhuis បានប្រាប់សារព័ត៌មាន De Telegraaf ថា ពិតជាមានករណីវិជ្ជមានចំនួន១៣ករណីទៅលើកីឡាកររបស់ក្លិបលោកប្រាកដមែន។ ប៉ុន្តែករណីនេះលោកបដិសេធមិនបញ្ជាក់ពីអត្តសញ្ញាណ ឬហេតុផលផ្លូវច្បាប់ណាមួយប្រាប់លម្អិតនោះទេ ដោយពួកគេទាំងនោះកំពុងដាក់នៅដាច់ដោយឡែកពីគេ និងកំពុងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ។ នៅខែកុម្ភៈ Ajax បានលេងជាមួយក្រុម Getafe ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដនៅក្នុងការប្រកួតវគ្គជម្រុះ Europa League ហើយពេលនោះមានករណីដំបូងដែលត្រូវបានគេរកឃើញមានកីឡាករឆ្លងជំងឺកូវីដ-១៩ របស់កីឡាករក្រុម Ajax ពេលប្រកួតនៅអេស្ប៉ាញ។សូមបញ្ជាក់ថា ក្រុម Ajax នឹងចាប់ផ្តើមប្រកួតដណ្តើមយកពានរង្វាន់ Eredivisie ជាមួយក្រុម Sparta Rotterdam នាថ្ងៃទី១៣ ខែកញ្ញា ដែលក្រុមខ្លាំងនេះមានសង្ឃឹមក្នុងការលើកពាន៣រដូវកាលជាប់ៗគ្នានៅលីកកំពូលហុល្លង់ ៕ដោយ៖ភារៈ