ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីជាសះស្បើយ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០២នាក់។
អ្នកឆ្លងថ្មីជំងឺកូវីដ-១៩ រួមមាន៖
ទី១៖ ជាស្ត្រីជនជាតិខ្មែរ ដែលជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា មានអាយុ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជា ដែលលទ្ធផលវិភាគ វត្ថុសំណាកលើកទីប្រាំរបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទី២៖ ជាស្ត្រីជនជាតិកាណាដាអាយុ ៤១ឆ្នាំ រួមដំណើរមានកូនប្រុស០១នាក់ និងកូនស្រី០១នាក់ បានធ្វើដំណើរមកពីប្រទេស Ubekiztan ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ចំពោះអ្នកជំងឺ ទើបព្យាបាលជាសះស្បើយ២នាក់ជាបរុសជនជាតិខ្មែរ គឺ៖ ទី១-បុរសអាយុ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី២-បុរសអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំឡាមិញ ស្រកបរកែវ ខេត្តរតនគិរី។
បុរសទាំង០២នាក់នេះ ជាអ្នកបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះនៅ ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
សូមជម្រាបថា ៖ គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប២៤៨នាក់ (ស្ត្រី ៤៩នាក់ និងបុរស ១៩៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២១៧នាក់ (ស្រី៤៦នាក់ និងបុរស១៧១នាក់) និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់៕ដោយ៖សិលា