រដ្ឋមន្ត្រីលីបង់មួយរូបលាលែងចេញពីតំណែង​ក្រោយការផ្ទុះនៅទីក្រុង Beirut

ចែករំលែក៖

កាលពីថ្ងៃទី​៩ខែសីហា រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោកស្រីManal Abdel Samad បានប្រកាសលាលែងចេញពីតំណែង​។ នេះជារដ្ឋមន្ត្រីទីមួយក្នុងរដ្ឋាភិបាលលីបង់ដែលបានលាលែងចេញពីតំណែងចាប់តាំងពីការផ្ទុះគីមីសម្លាប់មនុស្ស​១៥៨នាក់ និងជាង៦ពាន់នាក់រងរបួស​។
នៅក្នុងសេចក្តីប្រកាស លោកស្រី​Manal Abdel Samad បានសុំទោសពលរដ្ឋលីបង់ដែលមិនបានបំពេញភារកិច្ចល្អ​ ហើយទន្ទឹមនឹងនោះលោកស្រីក៏បានសម្រេច​លាលែងចេញពីតំណែង។ កន្លងមកតំណាងរាស្ត្រលីបង់ជាច្រើនរូបក៏បានលាលែងចេញពីតំណែងផងដែរ​។
ជាមួយគ្នានេះ ពលរដ្ឋលីបង់​នៅតែបន្តធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាល​បញ្ជាក់ឲ្យបានច្បាស់ពី​តួនាទីទទួលខុសត្រូវ​ចំពោះការផ្ទុះ​យ៉ាងខ្លាំង​នៅទីក្រុងBeirut ។ ពលរដ្ឋបានអំពាវនាវឲ្យរំសាយរដ្ឋាភិបាល​ ដោយសារតែការគ្រប់គ្រងទន់ខ្យោយ​​ក៏ដូចជាដោះស្រាយស្ថានភាពអាសន្នមិនបានល្អ។
លទ្ធផលស្រាវជ្រាវជាបឋមបានបង្ហាញឲ្យឃើញថា ការគ្រប់គ្រងមិនបានល្អ​ និងការព្រងើយ​កន្តើយមិនខ្វល់ពីសុវត្ថិភាពឃ្លាំងស្តុកគីមី​តាំងពី​៦ឆ្នាំមុន តែមិនបានដោះស្រាយ។​ការផ្ទុះនោះបានបំផ្លាញតំបន់ទ្រង់ទ្រាយធំ​និងបន្សល់ទុករណ្តៅមានជម្រៅដល់ទៅ​៤៣ម៉ែត្រ​។
ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី​ព័ត៌មានគឺជាការបើកផ្លូវសម្រាប់ មន្ត្រីជាច្រើនរូបផ្សេងទៀតលាលែងពីតំណែងដើម្បីរៀបចំការបោះឆ្នោត​ជាថ្មី។ កាលពីថ្ងៃទី​៩ ខែសីហា នាយករដ្ឋមន្ត្រីលីបង់ក៏បានស្នើឲ្យរៀបចំការបោះឆ្នោតមុនពេលកំណត់ផងដែរ ដើម្បីបញ្ចប់វិ​បត្តិ៕ ដោយសយវណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print