កាលពីថ្ងៃទី៩ខែសីហា រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោកស្រីManal Abdel Samad បានប្រកាសលាលែងចេញពីតំណែង។ នេះជារដ្ឋមន្ត្រីទីមួយក្នុងរដ្ឋាភិបាលលីបង់ដែលបានលាលែងចេញពីតំណែងចាប់តាំងពីការផ្ទុះគីមីសម្លាប់មនុស្ស១៥៨នាក់ និងជាង៦ពាន់នាក់រងរបួស។
នៅក្នុងសេចក្តីប្រកាស លោកស្រីManal Abdel Samad បានសុំទោសពលរដ្ឋលីបង់ដែលមិនបានបំពេញភារកិច្ចល្អ ហើយទន្ទឹមនឹងនោះលោកស្រីក៏បានសម្រេចលាលែងចេញពីតំណែង។ កន្លងមកតំណាងរាស្ត្រលីបង់ជាច្រើនរូបក៏បានលាលែងចេញពីតំណែងផងដែរ។
ជាមួយគ្នានេះ ពលរដ្ឋលីបង់នៅតែបន្តធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលបញ្ជាក់ឲ្យបានច្បាស់ពីតួនាទីទទួលខុសត្រូវចំពោះការផ្ទុះយ៉ាងខ្លាំងនៅទីក្រុងBeirut ។ ពលរដ្ឋបានអំពាវនាវឲ្យរំសាយរដ្ឋាភិបាល ដោយសារតែការគ្រប់គ្រងទន់ខ្យោយក៏ដូចជាដោះស្រាយស្ថានភាពអាសន្នមិនបានល្អ។
លទ្ធផលស្រាវជ្រាវជាបឋមបានបង្ហាញឲ្យឃើញថា ការគ្រប់គ្រងមិនបានល្អ និងការព្រងើយកន្តើយមិនខ្វល់ពីសុវត្ថិភាពឃ្លាំងស្តុកគីមីតាំងពី៦ឆ្នាំមុន តែមិនបានដោះស្រាយ។ការផ្ទុះនោះបានបំផ្លាញតំបន់ទ្រង់ទ្រាយធំនិងបន្សល់ទុករណ្តៅមានជម្រៅដល់ទៅ៤៣ម៉ែត្រ។
ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីព័ត៌មានគឺជាការបើកផ្លូវសម្រាប់ មន្ត្រីជាច្រើនរូបផ្សេងទៀតលាលែងពីតំណែងដើម្បីរៀបចំការបោះឆ្នោតជាថ្មី។ កាលពីថ្ងៃទី៩ ខែសីហា នាយករដ្ឋមន្ត្រីលីបង់ក៏បានស្នើឲ្យរៀបចំការបោះឆ្នោតមុនពេលកំណត់ផងដែរ ដើម្បីបញ្ចប់វិបត្តិ៕ ដោយសយវណ្ណា