ក្រោយមេដឹកនាំហុងកុង ប្រកាសលើកពេលបោះឆ្នោត ស្រាប់តែប្រទេសចំនួន៥ ជំរុញឲ្យ​រដ្ឋបាល​​ហុងកុង រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់រហ័ស

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង លោកស្រី ការី ឡាំ បានប្រកាស​លើក​ពេល​បោះឆ្នោត​ហុងកុង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ៦ ខែកញ្ញា​ខាងមុខ ទៅធ្វើ​នៅ​ឆ្នាំ​២០២១​វិញ ដោយសារតែ​ហេតុផល ទប់ស្កាត់ និង​បង្ការ​ការ​រាតត្បាត COVID-19 នោះ។ ស្រាប់តែប្រទេសចំនួន៥ មានដូចជា៖ អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ កាលពីថ្ងៃទី​៩ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បាន​ជំរុញ​ឲ្យ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់រហ័ស​។ ជាមួយគ្នានេះ ប្រទេស​ទាំង​៥ ក៏បាន​លើកឡើង​ពី​បញ្ហា​ព្រួយបារម្ភ​មួយចំនួន​ផងដែរ ជុំវិញ​ការហាមឃាត់​បេក្ខជន ដែលមាន​ទំនោរ​ទៅរក​ប្រជាធិបតេយ្យ​ចំនួន​១២​រូប ពី​ការ​ឈរឈ្មោះ​បោះឆ្នោត​សភា​ហុងកុងផងដែរ​ ។

ក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា រដ្ឋមន្ត្រីការបរទេស​ទាំង​៥ បាន​អះអាងថា សកម្មភាព​នៅក្នុង​ទីក្រុង​ហុងកុង​បែបនេះ គឺជា​ការបំផ្លាញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែលជា​មូលដ្ឋាន​នៃ​ស្ថិរភាព និង​វិបុលភាព​របស់​ទីក្រុង​នេះ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ រដ្ឋមន្ត្រីការបរទេស​ប្រទេស​៥ដែលមាន​អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់​ បានលើកឡើង​ពី​បញ្ហា​បារម្ភ​ជុំវិញ​ការហាមឃាត់​បេក្ខជន​ប្រជាធិបតេយ្យ​មិន​ឲ្យ​ឈរឈ្មោះ​ថា គឺជា​រឿង​អយុត្តិធម៌ ឯ​ការលើក​ពេល​បោះឆ្នោត គឺ​មិន​សម​ហេតុផល​។

យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​ដដែល​នេះ មិនបាន​បញ្ជាក់​ពី​ទណ្ឌកម្ម​ពី​ការដាក់ទណ្ឌកម្ម​អ្វី​ឡើយ​។ ប៉ុន្តែប្រមុខ​ការទូត​នៃ​ក្រុម​ប្រទេស​ទាំង​៥ ដែលជា​ក្រុម​ប្រទេស Five Eyes បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​។

​គួរបញ្ជាក់ថា ក្នុងការជំរុញ​ឲ្យ​ហុងកុង​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់រហ័ស ធ្វើឡើង​ស្របពេល​គណៈអចិន្ត្រៃយ៍​ស​ភា​ប្រជាជន​ចិន កំពុង​ប្រជុំ​ពី​ជំហាន​បន្ទាប់​សម្រាប់​សភា​ហុងកុង ដែល​នឹង​បញ្ចប់​អាណត្តិ​នាពេលខាងមុខ​។ កិច្ចប្រជុំ​នេះ ក៏​ជជែក​គ្នា​ពី​ការបន្ត​អាណត្តិ​របស់​សភា​ហុងកុង​។ សភា​ចិន​ដែលមាន​អំណាច​បកស្រាយ​ច្បាប់​ក្នុងស្រុក​នានា​នោះ អាច​កំណត់​ពី​សិទ្ធិអំណាច​របស់​សភា​ហុងកុង​ដែល​អំឡុងពេល​ពេល​ពន្យារពេល​បោះឆ្នោត​នេះ​ផងដែរ​។​ មិនតែប៉ុណ្ណោះនាពេល​កន្លងមក ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង លោកស្រី ការី ឡាំបានប្រកាស​លើក​ពេល​បោះឆ្នោត​ ស្របពេល​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ទីក្រុង កំពុងតែ​កើនឡើង និង​បន្ទាប់ពី​ហាមឃាត់​បេក្ខជន​ដែលមាន​ទំនោរ​ទៅរក​ប្រជាធិបតេយ្យ​ចំនួន ១២​នាក់ មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​សភា​ហុងកុង​។

​ដោយឡែកសហរដ្ឋអាមេរិកវិញ នៅ​ថ្ងៃទី​៧ ខែសីហា​កន្លងទៅ បានសម្រេច​ដាក់ទណ្ឌកម្ម លើ​ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី​ការី ឡាំរួមទាំង​មន្ត្រី​ហុងកុង និង​មន្ត្រី​ចិន​ផ្សេងទៀត ក្រោម​ហេតុផល​ថា បាន​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ទីក្រុង​ហុងកុង និង​ចូលរួម​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ទណ្ឌ​កម្មនេះ គឺជា​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការហាម​រកស៊ី​ជាមួយ​អាមេរិក​។

​សូមជម្រាបថា សម្ព័ន្ធមិត្ត Five Eyes ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៤១ ដើម្បី​ចែករំលែក​ព័ត៌មាន​សម្ងាត់ និង​ស៊ើបការណ៍​លើ​បញ្ហា​មួយចំនួន​។ ដោយរយៈពេល​ចុងក្រោយ សម្ព័ន្ធមិត្ត​មួយក្រុម​នេះ ផ្ដោត​ការងារ​ខ្លាំង​ទៅលើ​ប្រទេសចិន​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print