អន្តរជាតិ៖ ខណៈក្រុមបាតុកម្ម បានផ្ទុះឡើងដោយទាមទារឲ្យរដ្ឋាភិបាលប្រទេសលីបង់ លាលែងពីតំណែង ក្រោយជួបឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកសារធាតុគីមី នៅដើមសប្ដាហ៍នេះ បានដុតបញ្ឆេះកំហឹងប្រជាជនលីបង់ កាន់តែខ្លាំងនៅពេលដែលពួកគេខកចិត្តនឹងអ្នកនយោបាយដែលពុករលួយ និងហែកហួរគ្នានោះ។ កាលពីថ្ងៃទី៨ ខែសីហាថ្មីៗនេះ នាយករដ្ឋមន្ត្រីលីបង់ Hassan Diab បានប្រកាសថា លោកនឹងស្នើរៀបចំការបោះឆ្នោតមុនអាណត្តិដើម្បីបំបែកការជាប់គាំងវិបត្តិនយោបាយក្នុងប្រទេសរបស់ខ្លួន ។
សូមជម្រាបថា បាតុកម្មទាមទារឲ្យធ្វើកំណែទម្រង់នយោបាយ បានផ្ទុះឡើងកាន់ខ្លាំងនៅលីបង់ ក្រោយការផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាតដែលសម្លាប់មនុស្សជាង១៦០នាក់ និងប្រមាណ៥ពាន់នាក់ទៀតរងរបួស។ ដោយហេតុការណ៍ដ៏សោកសៅនេះ រឹតតែធ្វើឲ្យបាតុកម្មដែលចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០១៩ មកនោះ បានពុះកញ្ជ្រោលកាន់ខ្លាំងឡើងៗ។
ជាក់ស្តែងក្រុមបាតុករដែលពោរពេញដោយកំហឹង រាប់ពាន់នាក់បានចូលអុកឡុកស្ថាប័នរដ្ឋជាច្រើន ហើយចូលគ្រប់គ្រងក្រសួងការបរទេសលីបង់ទៀតផង។ ប៉ុន្តែមិនយូរប៉ុន្មាន ក្រុមយោធាក៏អាចបណ្ដេញពួកគេចេញក្រៅវិញ។ ក្នុងហេតុការណ៍នោះដែរ ក៏បានធ្វើឲ្យប៉ូលីសម្នាក់បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការការងាររបស់ខ្លួនផងដែរ។ នៅទីលានកណ្ដាលរដ្ឋធានីបេរូត ប៉ូលីសក៏បានបំបែកហ្វូងបាតុករដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក។
លោក Hassan Diab នាយករដ្ឋមន្ត្រីលីបង់ ទទួលស្គាល់នាសុន្ទរកថាតាមរយៈទូរទស្សន៍ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ប្រទេសលីបង់ មិនអាចគេចចេញពីវិបត្តិនយោបាយដោយមិនមានការបោះឆ្នោតមុនអាណត្តិបានឡើយ។ នាយករដ្ឋមន្ត្រីលីបង់រូបនេះ បន្តថា ហាក់យល់ព្រមតាមការទាមទាររបស់បាតុករដែលទទូចឲ្យមានការផ្លាស់ប្ដូរមេដឹកនាំដែលពួកគេចាត់ទុកថា គ្មានសមត្ថភាព និងពុករលួយ ដែលនេះកត្តាមួយនាំឲ្យមានការផ្ទុះឃ្លាំងសារធាតុគីមីដ៏កក្រើកនោះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា លោក នាយករដ្ឋមន្ត្រីលីបង់ សង្កត់ធ្ងន់ថា៖ «ខ្ញុំនឹងដាក់សេចក្ដីព្រាងច្បាប់មួយនៅថ្ងៃទី១០ ខែសីហា ដើម្បីរៀបចំការបោះឆ្នោតមុនការកំណត់មួយ» ។ ខណៈដែលនៅតាមដងផ្លូវក្នុងរដ្ឋធានីបេរូត បាតុកម្មកំពុងធ្វើឡើងនោះ។
គួរបញ្ជាក់ថា បច្ចុប្បន្នសភាលីបង់ កើតចេញពីការបោះឆ្នោតខែឧសភា ឆ្នាំ២០១៨ ដែលនោះជាការបោះឆ្នោតលើកដំបូងក្នុងរយៈពេល៩ឆ្នាំខណៈដែលសភាចាស់បន្តសុពលភាពជបន្តបន្ទាប់ ព្រោះមិនអាចរៀបចំការបោះឆ្នោតបាន។ ដោយការបោះឆ្នោតចុងក្រោយនេះ នៅតែមិនអាចដោះស្រាយបញ្ហាចាក់ឬសនៅលីបង់បាន ដ្បិតក្រុមអ្នកនយោបាយកាន់អំណាច មិនបានកែទម្រង់ដើម្បីដោះស្រាយសេដ្ឋកិច្ច និងសង្គមដែលញាំញីប្រទេសមជ្ឈិមបូព៌ានេះឡើយ៕ដោយ៖ស តារា