ខេត្តព្រៃវែង៖ ស្របពេលដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល បិទច្រកព្រំដែនការពារការរាតត្បាតជំងឺវីរុសកូវីដ-១៩ ចាត់វិធានការចត្តាឡីស័ក ពិសេសចំណូលពន្ធគយកំពុងខ្វះតាមផែនការ បែរជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង លោក មួង តារា , ប្រធានគយចល័តជើងទឹក លោក អ៊ុង វុទ្ធី, ប្រធានការិយាល័យគយចល័តតំបន់២ លោក ផែន ភឿន និងគយកោះរកា នគរបាលច្រកកោះរកា បានបើកដៃឱ្យឈ្មួញវៀតណាមនាំពោតចូលទាំងសាឡង់ៗក្នុង១ខែរាប់សិបសាឡង់ ហើយមួយសាឡង់ផ្ទុកពោតពីជាង៣០០តោន ទៅ៤០០តោន ដោយគ្មានបង់ពន្ធគយ គ្មានវិធានការចត្តាឡី
ស័ក ធ្វើឱ្យរដ្ឋបាត់ចំណូល និងប្រឈមធ្ងន់ធ្ងរលើហានិភ័យ ការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលអត់បានធ្វើចត្តាឡី
ស័ក ទុកឱ្យជនជាតិវៀតណាមនៅលើសាឡង់ មានទាំងអ្នកបើកបរ កម្មករ បានដឹកពោតនោះតាមសាឡង់ឆ្លងកាត់តាមច្រកកោះរកា យកមកដាក់ក្នុងឃ្លាំងនៅអ្នកលឿងត្រើយខាងកើតដែលមានម្ចាស់ឃ្លាំងឈ្មោះ ពៅ ចាបមាស នោះទៀតផង។
ក្រុមគយទាំងនោះកំពុងបំភ័ន្តភ្នែក បង្វែរជាទំនិញបង់ពន្ធ និងមាន(ត្រង់ស្លីត)ពីប្រទេសវៀតណាមទៅប្រទេសថៃ ។ ប៉ុន្តែអំពើពុករលួយនេះ ជាលក្ខណៈដំរីងាប់ ខំប្រឹងយកចង្អេរទៅបាំង គឺបិទមិនជិតឡើយ ខណៈដែលទំនិញ(ត្រង់ស្លីត) ពីវៀតណាមទៅថៃ តើទៅតាមផ្លូវណា បើនាំចូលតាមទឹកច្រកកោះរកានេះ ? ពិសេសទំនិញ(ត្រង់ស្លីត)គឺដឹកតាមឡាន មិនមែនតាមផ្លូវទឹកឡើយ។
ទីបំផុត! ចំពោះករណីឈ្មួញនាំចូលពោតអត់បង់ពន្ធ អត់ចាត់ចែងធ្វើចត្តាឡីស័ក តាមច្រកកោះរកា ប្រើមធ្យោបាយសាឡង់ដឹកជញ្ជូនត្រូវបែកការណ៍ រហូតដល់មានបញ្ជាពីលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបគយចល័តតំបន់២ ចុះបង្ក្រាប កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
គេបានទម្លាយថា ក្នុង១ខែៗ ក្រុមគយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ មានលោក មួង តារា លោក ផែន ភឿន លោក អ៊ុង វុទ្ធី នគរបាលច្រកកោះរកា អនុញ្ញាតឱ្យសាឡង់ដឹកពោតរាប់សិបគ្រឿងអត់បង់ពន្ធ អត់មានវិធានការចត្តាឡីស័ក រហូតដឹកដល់ឃ្លាំងរបស់ឈ្មោះ ពៅ ចាបមាស នៅអ្នកលឿងត្រើយខាងកើតយ៉ាងគឃ្លើនបំផុត។
ពាក់ព័ន្ធនឹងករណីអំពើរត់ពន្ធនេះ លោក មួង តារា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង មិនបានធ្វើការបកស្រាយអ្វីទេ តាមទូរស័ព្ទជាមួយអង្គភាព«នគរដ្រេហ្គន»នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដោយលោកគ្រាន់តែនិយាយយ៉ាងខ្លីថា៖ ខ្ញុំមិនបកស្រាយទេ ខណៈកំពុងបើកឡាន រួចក៏បិទទូរស័ព្ទទៅ ។ ដោយឡែកលោក ផែន ភឿន ប្រធានការិយាល័យគយចល័តតំបន់២ ដែលល្បីខាងដាក់ខែជាមួយឈ្មួញដឹកទំនិញរត់ពន្ធបានឱ្យដឹងថា៖ ខ្ញុំមិនដឹងថាដឹកគេចពន្ធ បើខ្ញុំដឹងគឺបង្ក្រាប ហើយមិនយកលុយពីក្រុមនេះទេ។ លោកបន្តថា ដូចជាពេលនេះលោកដឹងថាដឹករត់ពន្ធទើបបង្ក្រាបជាក់ស្តែង។
ប្រភពខ្លះបានបង្ហើបថា លោក ផែន ភឿន ចាប់សាឡង់ដឹកពោតជិត៤០០តោនអត់បង់ពន្ធនេះ ដោយសារមានបញ្ជាពីលោក គុណ ញឹម ទេទើបចាប់ ព្រោះជាឆ្នាំងបាយរបស់ពួកគេ។
លោក អ៊ុង វុទ្ធី មេគយចល័តជើងទឹក បាននិយាយថា គាត់មិនដឹងក្នុងរឿងនេះ ទេកុំសួរមកគាត់ៗមិនឆ្លើយឡើយ។
ករណីនេះគួរលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តស្រាវជ្រាវពីអំពើឃុបឃិតគ្នា រវាងឈ្មួញវៀតណាម នឹងម្ចាស់ឃ្លាំងឈ្មោះ ពៅ ចាបមាស ជាមួយគយខាងសាខា គយចល័តជើងទឹក គយចល័តតំបន់២ គយច្រកកោះរកា ដូចប្រតិភូដឹងហើយ បើលោកមិនបញ្ជាគឹអស់លោកទាំងនេះមិនបង្ក្រាបឡើយ។
ម្យ៉ាងវិញទៀតពួកគាត់ធ្វើឱ្យបាត់ចំណូលពន្ធ បំពានការណែនាំពីក្រសួងសុខាភិបាល ខណៈមិនបានធ្វើវិធានការចត្តាឡីស័កនេះតែម្តង។ បើលោក ផែន ភឿន វិញ ថ្លើមធំបំផុត ហ៊ានទាំងបោះពាក្យផងដែរថា បើគ្មានបទបញ្ជា ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញរត់ពន្ធ ទើបលោកបង្ក្រាប៕
ដោយ៖ សុខ ខេមរា