អន្តរជាតិ៖ នេះជាលើទី២ហើយ ដែលភ្នំភ្លើង Sinabung របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រា បានផ្ទុះឡើងម្ដងទៀត បើគិតត្រឹមតែរយៈពេល៣ថ្ងៃនេះ ។ ប៉ុន្តែហេតុការណ៍ផ្ទុះភ្នំភ្លើងនេះ ដោយគ្រាន់តែបាញ់ផេះ និងកម្ទេចរបស់ភ្នំភ្លើង ទៅលើមេឃចម្ងាយ ៥,០០០ ម៉ែត្រ មិនបង្កឲ្យមនុស្សរងរបួសនោះទេ ដោយករណីផ្ទុះនេះ បានកើតឡើងចាប់តាំងពីថ្ងៃសៅរ៍មកដល់ថ្ងៃចន្ទទី១០ ខែសីហាឆ្នាំ២០២០នេះ ។
បើតាមប្រភព័ត៍មានពីអ្នកស្រុកម្នាក់ បានប្រាប់ទីភ្នាក់ងាររ៉យទ័រ បានចេញផ្សាយថា៖ «សំឡេងផ្ទុះនោះគឺដូចជាផ្គរលាន់ វាមានរយៈពេលមិនដល់ ៣០វិនាទីទេ»។ ទីភ្នាក់ងារដដែលបន្តថា ប្រជាជននៅតំបន់នោះគួរតែពាក់ម៉ាស់របស់ពួកគេ ដើម្បីការពារខ្លួនពីផេះរបស់ការផ្ទុះនេះហើយត្រូវប្រយ័ត្ននឹងកម្អែភ្នំភ្លើង។
ដោយឡែកមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រនៅប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ខណៈពេលនេះមិនមានរបាយការណ៍បង្ហាញថាមានមនុស្សស្លាប់ ឬរងរបួសពីការផ្ទុះនេះទេ។ ប៉ុន្តែវាបាននិយាយថា ពលរដ្ឋគួរតែស្ថិតនៅឱ្យឆ្ងាយយ៉ាងតិច៥គីឡូម៉ែត្រ ពីមាត់រណ្ដៅរបស់ភ្នំភ្លើង។
ចំណែកឯមន្ត្រីនៅប៉ុស្តិ៍អង្កេតភ្នំ Sinabung ក៏បាននិយាយថា ផេះទាំងនោះ បានគ្របដណ្ដប់លើភូមិជាច្រើនដែលមានចម្ងាយ ២០គីឡូម៉ែត្រពីតំបន់នោះ ហើយវាក៏ខ្លាំងជាងការផ្ទុះកាលពីថ្ងៃសៅរ៍ដែរ។
សូមជម្រាបថាភ្នំភ្លើង Sinabungនេះ គឺជាភ្នំភ្លើសកម្មមួយក្នុងចំណោមភ្នំភ្លើងទាំង ១២០ នៅឥណ្ឌូនេស៊ី ដែលវាងាយនឹងមានសកម្មភាពដោយសារប្រទេសនេះស្ថិតនៅក្នុងតំបន់ចញ្ចៀនភ្លើងប៉ាស៊ីហ្វិក «Ring of Fire» ។
គួរបញ្ជាក់ថា ដោយភ្នំ Sinabung បានអសកម្មអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ រហូតដល់វាបានផ្ទុះឡើងម្តងទៀតនៅឆ្នាំ២០១០។ហើយវាមានសកម្មភាពតាំងពីពេលនោះមកម្តងម្កាល ប៉ុន្តែការផ្ទុះមួយនៅឆ្នាំ២០១៤ បានសម្លាប់មនុស្ស ១៦នាក់ និងមនុស្ស ៧នាក់ បានស្លាប់នៅក្នុងការផ្ទុះមួយឆ្នាំ ២០១៦៕ដោយ៖ស តារា