ខេត្តសៀមរាប ÷ ដើមឈើគ្រញូងមួយដើមធំមានទហំជិត១អោបដុះនៅក្នុងតំបន់ អង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់មុខលួចកាត់យកបាត់ហើយអាជ្ញាធរអប្សរាបានត្រឹមគ្រវីក្បាលហើយសន្យាថានឹងស្រាវជ្រាវរកជនកាប់បំផ្លាញឲ្យឃើញដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ហេតុហេតុការណ៍គួឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
តាមកំណត់ហេតុរបស់សមត្ថកិច្ចស្តីពីការចុះត្រួតពិនិត្យករណីកាប់ឈើគ្រញូងបានឲ្យដឹងថា
ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថា ពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ។ដើមគ្រញូង១ដើមនេះត្រូវជនមិនស្គាល់មុខលួចយកមួយកំណាត់កណ្ដាលអស់ប្រវែងប្រមាណជាង៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។ក្នុងករណីនេះក្រុមការងារនឹងបន្តស្រាវជ្រាវរកជនដែល ប្រព្រឹត្តនោះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។
យ៉ាងណាគេបានដឹងថាកាលនៅវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅនៅចំណុចព្រៃឧទ្យានអង្គរ ភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈើគ្រញូងអស់ចំនួន៤ដើមរួចមកហើយតែអាជ្ញាធរជាតិអប្សរា នៅមិនទាន់ឃើញចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។ម្តងនេះជាលើកទី២ ទៀត តើ ចាប់បានជនប្រព្រឹត្តដែរឬអត់?៕
ដោយ÷ ប្រាថ្នា