ក្លិបលីគកំពូលបារាំង Bordeaux បានប្រកាសពីការចុះកុងត្រាជាមួយគ្រូបង្វឹកជើងចាស់ក្នុងស្រុកលោក Jean-Louis Gasset ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំបន្ទាប់ពីការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់Paulo Sousa កាលពីថ្ងៃចន្ទកន្លងទៅ។
លោក Gasset បាននិយាយថា “ក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅកាន់ក្លិបមួយដែលខ្ញុំធ្លាប់មានបទពិសោធន៍ល្អ និងអស្ចារ្យជាច្រើនបានធ្វើឱ្យខ្ញុំរីករាយណាស់។ ចំណែកប្រធានក្លិបលោក Frederic Longuepee បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលលោក Gasset បានយល់ព្រមចូលរួមជាមួយក្លិបយើងដើម្បីទទួលយកការប្រកួតប្រជែងដែលខ្ញុំបានផ្តល់ឱ្យគាត់។ ខ្ញុំប្រាកដថាទេពកោសល្យ បទពិសោធន៍និងបុគ្គលិកលក្ខណៈរបស់គាត់នឹងអនុញ្ញាតឱ្យក្លិបរកកន្លែងដែលសមនឹងលីគកំពូលបារាំង”។
លោក Jean-Louis Gasset មានវ័យ៦៦ឆ្នាំធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកលោក Laurent Blanc នៅពេលដែលក្លិប Bordeaux បានឈ្នះពានរង្វាន់ French Cup កាលពីឆ្នាំ២០០៩ មុនពេលចូលកាន់តំណែងនៅក្លិប Montpellier ក្នុងឆ្នាំ២០១៧ និងក្លិប Saint Etienne ចាប់ពីឆ្នាំ២០១៧ដល់២០១៩។
គួររំលឹកថា ក្លិប Bordeaux បានបញ្ចប់យុទ្ធនាការគួរឱ្យខកចិត្តនៅក្នុងរដូវកាល២០១៩-២០២០ ដែលធ្វើឲ្យក្រុមនេះឈរលេខ១២នៅលីគកំពូលបារាំង នៅពេលដែលការប្រកួតត្រូវបានលុបចោលកាលពីខែមេសាដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ក្រៅពីការតែងតាំងគ្រូបង្វឹកថ្មីនេះ ក្លិបក៏បានប្រកាសពីការវិលត្រឡប់របស់អតីតកីឡាករ Alain Roche ឲ្យធ្វើជានាយកផ្នែកកីឡាផងដែរ ៕ដោយ៖ភារៈ