ក្រុមហ៊ុន Facebook បដិសេធ​សំណើ​បញ្ចេញ​កិច្ចសន្ទនា​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ​ដែល​រង​ការចោទប្រកាន់ធ្វើទុក្ខបុកម្នេញ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

ចែករំលែក៖

អន្តរជាតិ៖ ​ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ ក្រុមហ៊ុន​ Facebook បាន​បដិសេធ​សំណើ​បញ្ចេញ​ឯកសារ​ពាក់ព័ន្ធ​របស់​មេដឹកនាំ​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​រង​ការចោទប្រកាន់ និង​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។

បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ចុង​សប្តាហ៍​មុន បាននិយាយថា ក្រុមហ៊ុន​បណ្តាញ​សង្គម​ពិភពលោក Facebook​មួយ​នេះ បាន​ទទូច​តុលាការ​អាមេរិក​បដិសេធ​ការទាមទារ និង​សំណើ​របស់​ប្រទេស​ហ្គំ​បី ដោយ​អះអាងថា បាន​បំពាន​នឹង​ច្បាប់​អាមេរិក​ស្តីពី​សេវា​ប្រើប្រាស់​ទូរគមនាគមន៍ និង​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់​ផង​។ ក្រុមហ៊ុន បញ្ជាក់ថា សំណើ​នេះ មាន​លក្ខណៈ​ទូលាយ​ពេក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ដោយ​គ្មាន​ដែន​កំណត់​របស់​គណនី​អ្នកប្រើប្រាស់​ផង​។

សូមជម្រាបថា ក្រុមហ៊ុន Facebook មិនអាច​បំពេញ​តាម​ការចង់បាន​ក្នុងការ​បញ្ចេញ​ឯកសារ​កិច្ចសន្ទនា​ផ្សេងៗ​របស់​មេដឹកនាំ​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​បាន​ធ្វើឡើង​តាម​បណ្តាញ​សង្គម​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​បានឡើយ ។ ដោយសំណើ​របស់​ក្រុម​មេធាវី​តំណាង​ប្រទេស​ហ្គំ​ប៊ី ដែល​ធ្វើឡើង​តាមរយៈ​តុលាការ​របស់​អាមេរិក ចង់បាន​ឯកសារ​ពាក់ព័ន្ធ​នេះ គឺ​ដើម្បី​ជា​ភស្តុតាង​សម្រាប់​ដាក់បន្ទុក​អ្នកពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ប្រល័យពូជសាសន៍​នៅ​មី​យ៉ាន់​ម៉ា​។​

​ជាមួយគ្នានេះ ក្រុមហ៊ុន Facebook ក៏បាន​ប្រកាស​មិន​គាំទ្រ​ការប្រើប្រាស់​អំពើហិង្សា និង​បទល្មើស​ប្រឆាំង​មនុស្សជាតិ​ដូចគ្នា​ផងដែរ​។ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Facebook បានប្រកាស​ជំហរ​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​អង្គការសហប្រជាជាតិតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។

បើតាម​​សាវតារ​នៃ​សំណុំ​រឿងនេះ​បន្តិច​ថា នៅ​ខែមិថុនា​កន្លងទៅ ក្រុម​មេធាវី​តំណាង​ឲ្យ​ប្រទេស​ហ្កំ​ប៊ី បានស្នើ​ក្រុមហ៊ុន Facebook តាមរយៈ​តុលាការក្រុង​អាមេរិក ដើម្បី​បញ្ចេញ​ឯកសារ និង​កិច្ចសន្ទនា​ពាក់ព័ន្ធ ដែល​ធ្វើឡើង​តាមរយៈ​បណ្តាញ​សង្គម​មួយ​នេះ​របស់​មន្ត្រី​យោធា និង​កម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​ផ្សេងទៀត ដែល​រង​ការសង្ស័យ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ានា​ពេល​កន្លងទៅ​។​

​​គួរ​បញ្ជាក់ថា សំណើ​របស់​ក្រុម​មេធាវី​ប្រទេស​ហ្កំ​ប៊ី ធ្វើឡើង​បន្ទាប់ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ បានចេញ​សេចក្តី​បង្គាប់បញ្ជា​មួយ​តាម​បណ្តឹង​របស់​ប្រទេស​ហ្គំ​បី​ដោយបាន​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​សកម្មភាព​ពាក់​ព័ន្ធ​ការ​ធ្វើទុក្ខបុកម្នេញ​ប្រឆាំងនឹង​ជន​ជាត​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង​រក្សា​វត្ថុតាង​ផ្សេងៗ​នៅក្នុង​កន្លែងកើតហេតុ​កុំ​ឲ្យ​បាត់បង់ ក៏ដូចជា​ធ្វើ​របាយការណ៍​វិវត្តន៍​នៅក្នុង​តំបន់​មាន​បញ្ហា​ជាប្រចាំ​ទៅកាន់​តុលាការ​ពិភពលោក​មួយ​នេះ​ផង​៕ ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print