ក្រោយមន្ទីរកសិកម្មខេត្តសៀមរាប ជូនដំណឹង​ឲ្យបញ្ឈប់​ការទិញ និង​លក់សាច់​សុនខ ឥឡូវទីតាំង​ពិឃាត និង​លក់​​ចំនួន​១២​ទីតាំង ក្នុងខេត្តសម្រេចបិទដោយខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ព្រំ វិច បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា នៅក្នុងខេត្តសៀមរាប មានទីតាំងពិឃាត និងលក់សាច់សុនខ ចំនួន២៥កន្លែង ប៉ុន្តែក្រោយពីមានសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំឲ្យបញ្ឈប់ទីតាំងពិឃាត ទិញ និងលក់ សាច់សុនខ កាលពីថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០កន្លងទៅនោះ ឃើញថាបច្ចុប្បន្ននេះ ទីតាំងពិឃាត និងលក់សាច់សុនខចំនួន១២ទីតាំង ហើយបានសម្រេច បិទដោយខ្លួនឯង

លោក ព្រំ វិច បន្ថែមថា ជាក់ស្តែងនៅសល់ប្រមាណ១៣ កន្លែងទៀតសន្យាថា និងឈប់បន្តអាជីវកម្មលក់ ពិឃាតសត្វសុនខនេះជាបន្តបន្ទាប់ ដោយនឹងចាប់ប្រកបមុខរបរផ្សេងៗទៀតដែលច្បាប់អនុញ្ញាត

ចំណែកលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក៏មានប្រសាសន៍ដែរថា៖ កន្លងមកការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វសុនខ ដើម្បីយកសាច់ ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរឱ្យបារម្ភលោកថា ការហាមឃាត់នេះមិនមែនជាការរឹតបន្តឹងដាច់ណាត់នោះទេ គឺជាការហាម ដើម្បីរួមគ្នាកាត់បន្ថយជាបណ្តើរៗនៃការពិឃាត និងបរិភោគសាច់នេះឱ្យ មកនៅកម្រិត អប្បបរិមា និងឈានទៅលែងមានទាំងស្រុង នាពេលអនាគត និងក៏ជាការជួយ លើកកម្ពស់ សុខុមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផង ចៀសវាងការ ឆ្លងរាលដាលជំងឺផ្សេងៗផងដែរ

ដោយឡែកលោក ចាន់ ផ្លក់ និងភរិយា ដែលជាប្រជាពលរដ្ឋរស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាអ្នកប្រកបរបរលក់សាច់សុនខអស់ប្រមាណជា ១០ឆ្នាំមក ហើយនោះ បានឯកភាពថាពួកគាត់នឹងឈប់ប្រកបអាជីវកម្មមួយនេះ ទៅតាមការណែនាំរបស់មន្រ្តីជំនាញ ហើយក៏សុខចិត្តប្តូរមុខរបរទៅចិញ្ចឹមសត្វ និងសុំច្បាប់អនុញ្ញាតលក់សាច់គោ សាច់ជ្រូកវិញម្តង

ចុងក្រោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក៏រំពឹងថា ខេត្តមួយនេះ នឹងក្លាយជាខេត្តគំរូមួយសម្រាប់ខេត្ត ផ្សេងៗទៀត ក្នុងការហាមឃាត់ការជួញដូរសាច់សុនខនេះផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print