ក្រោយមន្ទីរកសិកម្មខេត្តសៀមរាប ជូនដំណឹង​ឲ្យបញ្ឈប់​ការទិញ និង​លក់សាច់​សុនខ ឥឡូវទីតាំង​ពិឃាត និង​លក់​​ចំនួន​១២​ទីតាំង ក្នុងខេត្តសម្រេចបិទដោយខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប លោក ព្រំ វិច បានបញ្ជាក់នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ​ថា នៅក្នុង​ខេត្តសៀមរាប មាន​ទីតាំង​ពិឃាត និង​លក់​សាច់​សុនខ ចំនួន​២៥​កន្លែង ។ ប៉ុន្តែ​ក្រោយពីមាន​សេចក្តីជូនដំណឹង​របស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ណែនាំឲ្យបញ្ឈប់​ទីតាំងពិឃាត ទិញ និង​លក់ សាច់​សុនខ កាលពី​ថ្ងៃទី​០៦ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនោះ ឃើញថា​បច្ចុប្បន្ននេះ ទីតាំង​ពិឃាត និង​លក់​សាច់​សុនខ​ចំនួន​១២​ទីតាំង ហើយ​បានសម្រេច បិទ​ដោយ​ខ្លួនឯង ។

លោក ព្រំ វិច បន្ថែមថា ជាក់ស្តែងនៅសល់​ប្រមាណ​១៣ កន្លែង​ទៀត​សន្យាថា និង​ឈប់​បន្ត​អាជីវកម្ម​លក់ ពិឃាតសត្វ​សុនខ​នេះ​ជា​បន្តបន្ទាប់ ដោយ​នឹងចាប់​ប្រកបមុខរបរ​ផ្សេងៗ​ទៀត​ដែល​ច្បាប់​អនុញ្ញាត​ ។

ចំណែកលោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ក៏មានប្រសាសន៍ដែរថា៖ កន្លងមកការ​លួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និង​លក់​សត្វ​សុនខ ដើម្បី​យក​សាច់ ទៅធ្វើជា​ម្ហូបអាហារ​មានការ​កើនឡើង​គួរឱ្យ​បារម្ភ​។ ​លោក​ថា ការហាមឃាត់​នេះ​មិនមែន​ជាការ​រឹតបន្តឹង​ដាច់​ណាត់​នោះទេ គឺជា​ការហាម ដើម្បី​រួមគ្នា​កាត់បន្ថយ​ជា​បណ្តើរៗ​នៃ​ការ​ពិឃាត និង​បរិភោគ​សាច់​នេះ​ឱ្យ មក​នៅ​កម្រិត អប្ប​បរិ​មា និង​ឈានទៅ​លែងមាន​ទាំងស្រុង នាពេល​អនាគត និង​ក៏​ជាការ​ជួយ លើកកម្ពស់ សុខុមាលភាព​សត្វ​ផង និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផង ចៀសវាង​ការ ឆ្លង​រាលដាល​ជំងឺ​ផ្សេងៗ​ផងដែរ​។

​ដោយឡែកលោក ចាន់ ផ្ល​ក់ និង​ភរិយា ដែលជាប្រជាពលរដ្ឋរស់នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាអ្នក​ប្រកប​របរ​លក់​សាច់​សុនខ​ អស់​ប្រមាណ​ជា ១០​ឆ្នាំ​មក ហើយ​នោះ បាន​ឯកភាព​ថា​ ពួកគាត់នឹង​ឈប់​ប្រកប​អាជីវ​កម្មមួយនេះ ទៅតាម​ការណែនាំ​របស់មន្រ្តីជំនាញ ហើយក៏​សុខចិត្តប្តូរ​មុខរបរ​ទៅ​ចិញ្ចឹមសត្វ និង​សុំច្បាប់​អនុញ្ញាត​លក់​សាច់គោ សាច់ជ្រូក​វិញ​ម្តង​ ។

​ចុងក្រោយលោកប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត ក៏រំពឹងថា ខេត្ត​មួយ​នេះ នឹង​ក្លាយជា​ខេត្ត​គំរូ​មួយ​សម្រាប់​ខេត្ត ផ្សេងៗ​ទៀត ក្នុងការ​ហាមឃាត់​ការជួញដូរ​សាច់​សុនខ​នេះ​ផងដែរ ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print