ក្រុមអនាធិបតេយ្យនៅតំបន់ពយម៉ាចូវបានប្រើអំពើហិង្សាទៅលើកម្មករយាមដី និងកម្មករសំណង់យ៉ាងព្រៃផ្សៃ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រុមអនាធិបតេយ្យមួយក្រុមនៅប្រចាំតំបន់ពយម៉ាចូវបានប្រើអំពើហិង្សាមកលើកម្មករយាមដី និងកម្មករសំណង់ ដោយក្រុមទាំងនោះមានមេខ្លោងបួនទៅប្រាំនាក់បានប្រើអំពើហិង្សាជាញឹកញាប់យ៉ាងព្រៃផ្សៃ ហើយក្រុមទាំងនោះប្រជាពលរដ្ឋបានអះអាងថា មានសម្ពន្ធភាពយ៉ាងស្អិតរមួតជាមួយអ្នកមានលុយ មានអំណាច ហើយពួកគេទាំងនោះតែងដើរអុកឡុកបង្កភាពអនាធិបតេយ្យ ដោយប្រើអំពើហិង្សាទៅលើកម្មករយាមដី និងកម្មករសំណង់ រំលោភបំពានលើដីមានកម្មសិទ្ធិស្របច្បាប់។ សកម្មភាពរបស់ក្រុមអនាធិបតេយ្យទាំងនោះគឺពួកគេធ្វើអ្វីមិនខ្វល់ពីច្បាប់ និងមិនខ្លាចសមត្ថកិច្ចនោះឡើយ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ក្រុមជនអនាធិបតេយ្យខាងលើមានគ្នាប្រមាណ ៤០នាក់ ប្រដាប់ដោយដំបង កាំបិត និងពូថៅ បានសម្រុកចូលទៅវាយធ្វើបាបកម្មករយាមដីជាច្រើននាក់ និងដុតបំផ្លាញផ្ទះរបស់ម្ចាស់ដីចំនួន១ខ្នងឆេះអស់គ្មានសល់ ហើយក៏វាយបំផ្លាញរបងថ្ម វាយបំផ្លាញសម្ភារផ្សេងៗអស់ជាច្រើនផងដែរ ព្រមទាំងបានបណ្តេញកម្មករយាមដីទាំងនោះឲ្យចាកចេញដោយគំរាមថា “បើសិនមិននាំគ្នាចាកចេញទេ ប្រយ័ត្នងាប់វើយប្រាប់ឲ្យហើយ”។

ប្រជាពលរដ្ឋរស់នៅតំបន់ពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ក្រុមនេះសាហាវខ្លាំងណាស់ ដោយសារពួកគេមានមេខ្លោងជាអ្នកមានលុយ មានអំណាច និងមានសម្ពន្ធភាពជាមួយមន្រ្តីមានបុណ្យស័ក្តិធំនៅក្នុងខេត្តព្រះសីហនុថែមទៀតផង ។ ពលរដ្ឋថា សព្វថ្ងៃនេះពួកមេខ្លោងទាំងនោះគឺជាអ្នកផ្តល់សេដ្ឋកិច្ច និងការចំណាយផ្សេងៗសម្រាប់ក្រុមអនាធិបតេយ្យ ខាងលើដើម្បីធ្វើសកម្មភាព ។ ជុំវិញបញ្ហានេះមន្រ្តីសាលាស្រុកព្រៃនប់បានបញ្ជាក់ថា បញ្ហាខាងលើនេះវាពិតជាមានប្រាកដមែន ហើយករណីនេះត្រូវបានអភិបាលខេត្តព្រះសីហនុចេញបទបញ្ជាឲ្យកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តចុះធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនដែលពាក់ព័ន្ធទាំងអស់ និងឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តបានចុះធ្វើរដ្ឋបាលចំហនៅតំបន់ខាងលើក្នុងគោលបំណងបោសសម្អាត
ជនបង្កភាពអនាធិបតេយ្យ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេដោយសារក្រុមជនអនាធិបតេយ្យបានដឹងខ្លួនជាមុននាំគ្នារត់គេចខ្លួនបាត់អស់ ។

គួរបញ្ជាក់ថា តំបន់ពយម៉ាចូវកន្លងមកកម្លាំងសមត្ថកិច្ចធ្លាប់បានចាប់ខ្លួនជនពាក់ព័ន្ធរំលោភបំពានដីរដ្ឋ និងបង្កភាពហិង្សាទៅលើអ្នកមានដីកម្មសិទ្ធិឯកជនមិនតិចជាង១០០នាក់ទេ ក្នុងនោះក្រុមអនាធិបតេយ្យមួយចំនួនក៏ត្រូវបានសមត្ថកិច្ចរកឃើញមានប្រើប្រាស់អាវុធខុសច្បាប់ផងដែរ៕ ហេង សុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print