ឈ្មោះ​បក្ស​ថ្មី​របស់លោក មហា​ធៀ គឺ«​អ្នក​ប្រយុទ្ធ​» ដើម្បី​កម្ចាត់​អំពើពុករលួយ​

ចែករំលែក៖

​អន្តរជាតិ៖ ទីបំផុត អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បានសម្រេច​ដាក់ឈ្មោះ​គណបក្ស​ដែល​លោក​ទើប​បង្កើត​ថ្មីថ្មោង​ថា«Pejuang» ដែល​មានន័យថា «​អ្នក​ប្រយុទ្ធ​» ។មិនតែប៉ុណ្ណោះអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីរូបនេះ បានអះអាងថា ការបង្កើត​បក្ស​នេះ គឺ​ចេញពី​ស្មារតី​ប្រឆាំង​អំពើពុករលួយ​។

លោក មហា​ធៀ មហាម៉ាត់ និយាយប្រាប់​អ្នកគាំទ្រ​របស់លោក នៅក្នុង​រដ្ឋ Perak កាលពី​ថ្ងៃទី ១២ ខែសីហា ថ្មីៗនេះថា «​យើង​មិន​ចង់​បំបែកបំបាក់​ប្រជាជន​ម៉ា​ឡេ តែ​យើង​ចង់​ឲ្យ​ម៉ា​ឡេ​មាន​បក្សនយោបាយ ដែល​ប្រយុទ្ធ​ដើម្បី​ពួកគេ​។ បក្ស​នេះ គឺមាន​គោលដៅ​បោសសម្អាត​អំពើពុករលួយ​ក្នុងប្រទេស​។ យើង​ដាក់ឈ្មោះ​វា​ថា Parti Pejuang Tanah Air (​បក្ស​អ្នក​ប្រយុទ្ធ​ដើម្បី​ប្រជាជាតិ​)»​។

​លោក មហា​ធៀ បាន​អះអាងថា បក្ស​នេះ ត្រូវបាន​បង្កើតឡើង​ចេញពី​ស្មារតី​ចង់ដឹង​ចង់​ឮ និង​ចាំបាច់​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយដែល​កំពុង​បំផ្លិចបំផ្លាញ​ប្រជាជាតិ​ម៉ាឡេស៊ី​។ អតីត​នាយករដ្ឋមន្ត្រី​វ័យ​៩៥​ឆ្នាំនេះ បានសង្កត់ធ្ងន់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook លោកផ្ទាល់ថា៖ «​ប្រសិនបើ​អ្នក​ចង់បាន​តួនាទី និង​លុយកាក់ រើសយក​បក្ស​ផ្សេង​។ [​តែ​] ប្រសិនបើ​អ្នក​ចង់​ស្ដារ​ភាពថ្លៃថ្នូ និង​ការពារ​សិទ្ធិ រើសយក​បក្ស​យើង ។ រើសយក​បក្ស Pejuang»​។

តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បក្ស​ថ្មី​របស់លោក មហា​ធៀ ដែល​នឹង​ដឹកនាំ​ដោយ​កូនប្រុស Mukhriz ក្នុងនាម​ជា​ប្រធាន ហើយ​លោក មហា​ធៀ ផ្ទាល់ ជា​ប្រធាន​ជាន់ខ្ពស់ គឺ​មិន​ភ្ជាប់​សម្ព័ន្ធភាព​ជាមួយ​ទាំង សម្ព័ន្ធ​នយោបាយ Pakatan Harapan (PH) ដែល​ដឹកនាំ​ដោយ​លោក Anwar Ibramhim ឬ​សម្ព័ន្ធ​នយោបាយ Perikatan Nasional (PN) ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន Muhyiddin Yassin នោះឡើយ​។

​សូមជម្រាបថា នៅក្នុងអំឡុង​សន្និសីទ​ព័ត៌មាន​ប្រកាស​ការបង្កើត​បក្ស​កាលពី​សប្ដាហ៍​មុន លោក​បណ្ឌិត មហា​ធៀ បាន​គូសបញ្ជាក់ថា បក្ស​ថ្មី​លោក គឺ​បង្កើតឡើង​ដោយ​ម៉ា​ឡេ និង​ដើម្បី​ម៉ា​ឡេ ហើយនឹង​ផ្ដោត​សំខាន់​លើ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ធានាថា ម៉ាឡេស៊ីក្លាយជា​ខ្លា​អាស៊ី​ម្ដងទៀត ។​

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី​កាន់តំណែង​២​លើក​របស់​ម៉ាឡេស៊ី​រូបនេះ បានប្រកាស​ដំណឹង​ពាក់ព័ន្ធ​ការបង្កើត​បក្សនយោបាយ​ថ្មី​មួយ កាលពី​សប្តាហ៍​មុន តែ​ពុំបាន​បញ្ជាក់​ឈ្មោះ​ឡើយ​ពេលនោះ​។ ទោះ​មិនទាន់​ចុះឈ្មោះ​ផ្លូវការ​នៅឡើយ សមាជិកសភា​ម៉ាឡេស៊ី ៦​នាក់ និង​ព្រឹទ្ធសភា​ម្នាក់ ដែល​សុទ្ធតែ​កូនចៅ​ចាស់​របស់លោក រង់ចាំ​ចូលរួម​ជាមួយ​បក្ស​ថ្មី​នេះ​។ ហើយលោក មហា​ធៀ ដែល​បង្កើត​បក្ស Bersatu ក្នុង​ឆ្នាំ​២០១៦បាន​ដឹកនាំ​សម្ព័ន្ធ​នយោបាយ PH យកជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ទូទៅ កាលពី​ខែឧសភា ឆ្នាំ​២០១៨​។

ក្រោយ​ខ្វែងគំនិត​គ្នា​ជាមួយ​ប្រធាន​បក្ស Bersatu លោក Muhyiddin រឿង​ចង់​ចងសម្ព័ន្ធ​ថ្មី​ជាមួយ​បក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួម​រួប (UMNO) របស់លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប លោក មហា​ធៀ ត្រូវបាន​បណ្ដេញ​ចេញពី​បក្ស​ខ្លួន​បង្កើតផងដែរ​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print