ខេត្តកំពង់ស្ពឺ៖ រឿងរ៉ាវស្នេហាលួចលាក់មួយនៅតាមទីជនបទរវាងបុរសម្នាក់ជាមួយនារីដែលរស់នៅក្នុងភូមិជាមួយគ្នាយ៉ាងផ្អែមល្ហែម នៅពេលនាងប្រាប់ថា បងឈប់ទាក់ទងអូន ព្រោះអូនមានប្តីហើយ ចុងក្រោយបុរសជាគូស្នេហ៍រំសាយកំហឹងដោយកាប់នាងមួយកាំបិតផ្គាក់ដើម្បីទុកជាការបញ្ចប់ស្នេហ៍។

សមត្ថកិច្ចបានអោយដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសង្កែលាក់ ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា ដំបូងឡើយបុរសជាប់សង្ស័យមិនបានដឹងថា នារីជាគូស្នេហ៍របស់ខ្លួន នាងមានប្តីហើយនោះទេ ហើយការទំនាក់ទំនង ក៏ចេះតេកើតមានរហូតមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានណាត់ជួបបុរសសង្ស័យដោយប្រាប់ថា បងឈប់ទាក់ទងអូនទៅ ពីព្រោះអូនមានប្តីហើយ ធ្វើអោយបុរសជាប់សង្ស័យកើតការខឹងសម្បាជាខ្លាំង ក៏ទាញកាំបិតផ្គាក់កាប់នាងត្រូវស្មាស្តាំមួយកាំបិតបណ្តាលអោយរងរបួសជាទម្ងន់ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ ។
សមត្ថកិច្ចបន្តថា បុរសចាប់ចោទមានឈ្មោះឌុក ម៉ៅ អាយុ៣៥ឆ្នាំ និងស្ត្រីរងគ្រោះមានឈ្មោះ សក អាយុ៣២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុជាមួយគ្នា (ដើមភូមិចុងភូមិ) ក្រោយបង្កសមត្ថកិច្ចបានឃាត់ខ្លួនបានភ្លាមៗតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាមូលហេតុដែលគេប្រើអំពើហិង្សា(កាប់) ក៏ព្រោះតែខឹងនឹងនាងដែលមកបង្កាត់ភ្លើងស្នេហ៍ជាមួយរូបគេ ហើយចុងក្រោយបែរជាមកនិយាយថា អោយខ្លួនឈប់ស្រលាញ់ ព្រោះនាងមានប្តីធ្វើអោយគេទប់កំហឹងមិនបាន ក៏ទាញកាំបិតកាប់នាងតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចោទប្រកាន់ពីបទបង្ករបួសស្នាមដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សេនាស័ក្តិ










