ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯកភឹង ចិន្តារ៉េត នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ក្រោយទទួលពត៌មាន ពីភ្នាក់ងារសំងាត់ របស់នគរបាលបានចាត់អោយកំលាំងជំនាញ ចុះអនុវត្ត និតិវិធីច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួន មុខសញ្ញាកាច់សោក ម៉ូតូបានចំនួន០១នាក់ ហើយបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។
ជនសង្ស័យមាន ឈ្មោះយោន វីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ក្របី ឃុំឯកភាព ក្រុងបាត់ដំបង បច្ចុប្បន្ន មកស្នាក់នៅបណ្តោះអាសន្ន ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ជាប់ចោទអំពីបទ-លួចមានស្ថានទម្ងន់ទោស ក្លែងក្លាយ ឯកសារសាធារណៈ ប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ ហើយ បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា កន្លងមកធ្លាប់ធ្វើសកម្មភាព កាច់សោកម៉ូតូ ឬធ្វើធ្លាក់លុយ រួចអោយគេរើស រួចអោយគ្នាវា ម្នាក់ទៀតឆ្លៀតឱកាសយកម៉ូតូ របស់ជនរងគ្រោះ ធ្វើជាអ្នកដើររកទិញដី ដើម្បីរកឱកាស លួចយកម៉ូតូ ជនរងគ្រោះ។
ក្រោយការឃាត់ខ្លួន នគរបាលជំនាញ រួមនិងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ស្វាយដង្គុំ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបន្ត ឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ ដោយដកហូត បាន វត្ថុតាង រួមមានម៉ូតូ ចំនួន០៣គ្រឿង ផ្លាកលេខម៉ូតូ ចំនួន ០២ នឹងឧបករណ៍ ផ្សេងទៀត ៕




ដោយ៖ ប៊ុន រិទ្ធី










