នាយករដ្ឋមន្ត្រី​ថៃ ​ទទូច​ឲ្យ​ប្រជាជន​ខ្លួនបដិសេធ​នយោបាយ​ស្អប់ខ្ពើម និង​បំបែកបំបាក់ ហើយ​មករួមគ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុងប្រទេសវិញ

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅក្នុងសុន្ទរកថា តាមការចាក់ផ្សាយតាមទូរទស្សន៍ កាលពីថ្ងៃទី ១៣ ខែសីហាថ្មីៗនេះ លោកបានទទូចឲ្យប្រជាជនរបស់ខ្លួនគ្រប់គ្នាបដិសេធនយោបាយស្អប់ខ្ពើម និងបំបែកបំបាក់ ហើយប្រឹងធ្វើការរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចអាសន្ន ដែលប៉ះពាល់ជីវភាពពលរដ្ឋនៅទូទាំងប្រទេស  លោកប្រាយុទ្ធ សង្កត់ធ្ងន់ថា នយោបាយបំបែកបំបាក់ជាវប្បធម៌ជំនាន់មុន ដែលពុំគួរយកមកប្រើនៅសម័យបច្ចុប្បន្នឡើយ

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងសុន្ទរកថា ថា«​យើងមានអាទិភាពដ៏ធំមួយនៅចំពោះមុខយើង ហើយមួយនេះគឺលើសពីសង្គ្រាមប៉ាកកា និងនយោបាយទៅទៀត​»​ ត្រង់នេះហើយ​ ​គឺជាជីវភាពរបស់ប្រជាជនរាប់លាននាក់ ដែលរងគ្រោះដោយសារវិបត្តិជំងឺរាតត្បាតសកល COVID-19

លោកនាយករដ្ឋមន្រ្តីថៃរូបនេះ ក៏អំពាវនាវឲ្យប្រជាជនថៃទាំងអស់និយាយថា «​ទេ​» ចំពោះនយោបាយស្ពប់ខ្ពើមនិងបំបែកបំបាក់ និងនយោបាយដែលសាយភាយជំងឺប្រកាន់បក្ខពួកនិយម ដូចជា «​ក្មេង និង ចាស់​» «​អ្នកមាន និង អ្នកក្រ​» ឥរិយាបថបំបែកបំបាក់គ្រប់រូបភាពដែលអាចជ្រៀតចូលក្នុងសង្គមថៃនេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍

លោកនាយករដ្ឋមន្ត្រី លើកឡើងទៀតថា នយោបាយបំបែកបំបាក់ ពុំគួរយកប្រើនៅសម័យនេះឡើយ ព្រោះវាជានយោបាយដឹកនាំរបស់មនុស្សជំនាន់ចាស់ លោកពន្យល់បែបនេះ«​វា (​នយោបាយបំបែកបំបាក់​) គ្មានកន្លែងក្នុងពិភពលោកបច្ចុប្បន្នយើងឡើយ មនុស្សដែលនិយាយថា ខ្ញុំនឹងមិនស្ដាប់គាត់ ព្រោះគាត់មានការយល់ឃើញមិនដូចខ្ញុំ ខ្ញុំនឹងមិនជួបគាត់ព្រោះគាត់ជឿគំនិតខុសខ្ញុំ គឺជាវប្បធម៌ពីសម័យមុន​»​

លោកបន្តថា«​អនាគតប្រទេសជាតិជារបស់យុវជន ហើយអនាគតយើងក៏ស្ថិតក្នុងកណ្ដាប់ដៃពួកគេដែរ ដូច្នេះទុកឲ្យពួកក្មេងៗដឹកនាំមាគ៌ានេះចុះ […]»​  តួយ៉ាង លោកបានណែនាំឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុទើបតែងតាំងថ្មី អញ្ជើញអ្នកពូកែៗជាឈាមថ្មី ចូលរួមចែករំលែកការយល់ឃើញពួកគេលើវិធីសាស្ត្រដោះស្រាយបញ្ហាសេដ្ឋកិច្ចប្រទេស លោក ប្រាយុទ្ធ លើកជាយោបល់ថា អ្នកខ្លាំងៗទាំងនោះ គួរតែជាមនុស្សដែលធ្លាប់បម្រើរដ្ឋាភិបាលមុន អ្នកដែលមាននិន្នាការនយោបាយខុសៗគ្នាជាដើម

សូមជម្រាបថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ មិនខុសប្លែកអ្វីនឹងត្តសេនីយ៍ Apirat Kongsompong មេទ័ពជើងគោកថៃដែលរិះគន់ខ្លាំងលើជំងឺស្ពប់ខ្ពើមជាតិឯង កាលពីថ្ងៃទី ខែសីហាកន្លងទៅ លោកត្តសេនីយ៍ដ៏មានឥទ្ធិពលរូបនេះ ក៏បាននិយាយថា«​ជំងឺCOVID-19 អាចព្យាបាលជាសះស្បើយ តែជំងឺដែលពុំអាចព្យាបាលជា គឺ ការស្ពប់ខ្ពើមជាតិឯង​»​ សម្រាប់លោក ដូច្នេះហើយទើបជំងឺនេះជាការគំរាមកំហែងធំជាងជំងឺ COVID-19 ទៅទៀត

នេះមិនមែនជារឿងចៃដន្យទេដែលប្រមុខកងទ័ពជើងគោករូបនេះនិយាយធ្ងន់ៗបែបនេះ ដោយលោកចង់សំដៅលើចលនាទាមទារប្រជាធិបតេយ្យក្នុងប្រទេសថៃបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បាតុករភាគច្រើន ជាយុវជនដែលទាមទារឲ្យរដ្ឋាភិបាលរំលាយសភាចោល បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នករិះគន់ និងក្រុមអ្នកប្រឆាំង ហើយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ជុំវិញបញ្ហាការធ្វើបាតុកម្មជាបន្តបន្ទាប់របស់ក្រុមនិស្សិតថៃទាំងអស់នោះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏បានចុចដេញដោលរកប្រភពហិរញ្ញវត្ថុរបស់ពួកគេ ថ្លែងទៅកាន់សារព័ត៌មានក្រោយប្រជុំគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី ១៣ ខែសីហា លោក និយាយ លោកមើលឃើញសកម្មភាពបាតុកម្មជាច្រើនកើតឡើងក្នុងមួយរយៈចុងក្រោយ ហើយវាត្រូវចាយលុយច្រើន

គួរបញ្ជាក់ថា បើតាមកាសែតថៃបាងកកប៉ុស្តិ៍ លោកប្រាយុទ្ធចោទសួរត្រង់ៗដូច្នេះថា«​តើលុយទាំងនោះបានមកពីណា​? នេះគឺត្រូវត្រួតពិនិត្យយ៉ាងល្អិតល្អន់​»​ ពាក់ព័ន្ធរឿងនេះដែរ លោកនាកយរដ្ឋមន្រ្តីរូបនេះ ក៏បានបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីរបស់លោក កំពុងស៊ើបអង្កេតលើបញ្ហានេះហើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print