នាយករដ្ឋមន្ត្រី​ថៃ ​ទទូច​ឲ្យ​ប្រជាជន​ខ្លួនបដិសេធ​នយោបាយ​ស្អប់ខ្ពើម និង​បំបែកបំបាក់ ហើយ​មករួមគ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុងប្រទេសវិញ

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅក្នុងសុន្ទរកថា តាមការចាក់ផ្សាយ​តាម​ទូរទស្សន៍ កាលពីថ្ងៃទី ១៣ ខែសីហាថ្មីៗនេះ លោកបាន​ទទូច​ឲ្យ​ប្រជាជន​របស់ខ្លួនគ្រប់គ្នា​បដិសេធ​នយោបាយ​ស្អប់ខ្ពើម និង​បំបែកបំបាក់ ហើយ​ប្រឹង​ធ្វើការ​រួមគ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អាសន្ន ដែល​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​។  លោកប្រាយុទ្ធ សង្កត់ធ្ងន់ថា នយោបាយ​បំបែកបំបាក់​ជា​វប្បធម៌​ជំនាន់​មុន ដែល​ពុំគួរ​យកមកប្រើ​នៅ​សម័យ​បច្ចុប្បន្ន​ឡើយ​ ។

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បានបញ្ជាក់​យ៉ាងដូច្នេះ​នៅក្នុង​សុន្ទរកថា ថា​៖«​យើង​មាន​អាទិភាព​ដ៏​ធំ​មួយ​នៅ​ចំពោះមុខ​យើង ហើយ​មួយ​នេះ​គឺ​លើសពី​សង្គ្រាម​ប៉ាកកា និង​នយោបាយ​ទៅទៀត​»​។ ត្រង់នេះហើយ​ ​គឺជា​ជីវភាព​របស់​ប្រជាជន​រាប់លាន​នាក់ ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 ។

​លោកនាយករដ្ឋមន្រ្តីថៃរូបនេះ ក៏អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់​និយាយថា «​ទេ​» ចំពោះ​នយោបាយ​ស្ព​ប់​ខ្ពើម​និង​បំបែកបំបាក់ និង​នយោបាយ​ដែល​សាយភាយ​ជំងឺ​ប្រកាន់​បក្ខពួកនិយម ដូចជា «​ក្មេង និង ចាស់​» ឬ «​អ្នកមាន និង អ្នកក្រ​» ឬ​ឥរិយាបថ​បំបែកបំបាក់​គ្រប់​រូបភាពដែល​អាច​ជ្រៀតចូល​ក្នុងសង្គម​ថៃ​។​ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ។

​លោកនាយក​រដ្ឋមន្ត្រី លើកឡើងទៀតថា នយោបាយ​បំបែកបំបាក់ ពុំគួរ​យក​ប្រើ​នៅ​សម័យ​នេះឡើយ ព្រោះ​វា​ជា​នយោបាយ​ដឹកនាំ​របស់​មនុស្ស​ជំនាន់​ចាស់​។ លោក​ពន្យល់​បែបនេះ​៖«​វា (​នយោបាយ​បំបែកបំបាក់​) គ្មាន​កន្លែង​ក្នុង​ពិភពលោក​បច្ចុប្បន្ន​យើង​ឡើយ​។ មនុស្ស​ដែល​និយាយថា ខ្ញុំ​នឹងមិន​ស្ដាប់​គាត់ ព្រោះ​គាត់​មានការ​យល់ឃើញ​មិន​ដូច​ខ្ញុំ ឬ​ខ្ញុំ​នឹងមិន​ជួប​គាត់​ព្រោះ​គាត់​ជឿ​គំនិត​ខុស​ខ្ញុំ គឺជា​វប្បធម៌​ពី​សម័យមុន​»​។

លោក​បន្តថា​៖«​អនាគត​ប្រទេសជាតិ​ជា​របស់​យុវជន ហើយ​អនាគត​យើង​ក៏​ស្ថិតក្នុង​កណ្ដាប់ដៃ​ពួកគេ​ដែរ​។ ដូច្នេះ​ទុក​ឲ្យ​ពួកក្មេងៗ​ដឹកនាំ​មាគ៌ា​នេះ​ចុះ […]»​។  តួយ៉ាង លោក​បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ទើប​តែងតាំង​ថ្មី អញ្ជើញ​អ្នក​ពូកែៗ​ជា​ឈាម​ថ្មី ចូលរួម​ចែករំលែក​ការយល់ឃើញ​ពួកគេ​លើ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ប្រទេស​។ លោក ប្រា​យុទ្ធ លើក​ជា​យោបល់​ថា អ្នកខ្លាំងៗ​ទាំងនោះ គួរតែ​ជាម​នុស្ស​ដែល​ធ្លាប់​បម្រើ​រដ្ឋាភិបាល​មុន ឬ​អ្នក​ដែលមាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា​ជាដើម​។​

​សូមជម្រាបថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ប្រា​យុទ្ធ មិន​ខុសប្លែក​អ្វី​នឹង​ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong មេទ័ព​ជើងគោក​ថៃដែល​រិះគន់​ខ្លាំង​លើ​ជំងឺ​ស្ព​ប់​ខ្ពើម​ជាតិ​ឯង​។ កាលពី​ថ្ងៃទី ៥ ខែសីហា​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ដ៏​មាន​ឥទ្ធិពល​រូបនេះ ក៏បាននិយាយថា​៖«​ជំងឺCOVID-19 អាច​ព្យាបាល​ជាសះស្បើយ តែ​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​ជា គឺ ការ​ស្ព​ប់​ខ្ពើម​ជាតិ​ឯង​»​។ សម្រាប់​លោក ដូច្នេះហើយ​ទើប​ជំងឺ​នេះជាការ​គំរាមកំហែង​ធំ​ជាង​ជំងឺ COVID-19 ទៅទៀត​។​

​នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​ប្រមុខ​កងទ័ពជើងគោក​រូប​នេះ​និយាយ​ធ្ងន់ៗ​បែបនេះ ដោយ​លោក​ចង់​សំដៅលើ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ថៃ​បន្ត​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ បាតុករ​ភាគច្រើន ជា​យុវជន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយ​សភា​ចោល បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​រិះគន់ និង​ក្រុម​អ្នកប្រឆាំង ហើយ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​

​ជុំវិញបញ្ហា​ការធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​របស់​ក្រុមនិស្សិត​ថៃទាំងអស់នោះ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ក៏បាន​ចុច​ដេញដោល​រក​ប្រភព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ថ្លែង​ទៅកាន់​សារព័ត៌មាន​ក្រោយ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី ១៣ ខែសីហា លោក និយាយ លោក​មើលឃើញ​សកម្មភាព​បាតុកម្ម​ជាច្រើន​កើតឡើង​ក្នុង​មួយរយៈ​ចុងក្រោយ ហើយ​វា​ត្រូវ​ចាយលុយ​ច្រើន​។

​គួរបញ្ជាក់ថា បើតាមកាសែតថៃបាងកក​ប៉ុស្តិ៍ លោកប្រាយុទ្ធ ​ចោទសួរ​ត្រង់ៗ​ដូច្នេះ​ថា​៖«​តើ​លុយ​ទាំង​នោះបាន​មកពីណា​? នេះ​គឺ​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​»​។ ពាក់ព័ន្ធ​រឿងនេះដែរ លោកនាកយរដ្ឋមន្រ្តីរូបនេះ ក៏បានបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រី​របស់លោក កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះហើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print