វៀតណាម៖ គិតមកដល់វេលាម៉ោង១៨ គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩ បានប្រកាសថា នៅថ្ងៃទី១៥ខែសីហានេះនៅទូទាំងប្រទេស មានករណីឆ្លងកូវីដ-១៩ ចំនួន២០ នាក់ ក្នុងនោះទីក្រុងដាណាង មាន១១នាក់។ ក្រៅពីនេះនៅខេត្ត វ៉ាងណាម ៤នាក់ ហាយយឿងម្នាក់ និង៤នាក់ទៀតជាអ្នកធ្វើចត្តាឡីស័កនៅទីក្រុងហូជីមិញ ។ មកទល់ពេលនេះវៀតណាមមានករណីឆ្លងកើនឡើងដល់ទៅ៩៥០ នាក់ហើយ។
ក្នុងចំណោមអ្នកឆ្លង៩៥០នាក់ ក្នុងនោះមាន ៣៣៣នាក់ ចូលពីក្រៅប្រទេសហើយបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក និង ៦១៧នាក់ឆ្លងនៅក្នុងសហគមន៍។ តំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺទីក្រុងដាណាង គិតត្រឹមថ្ងៃទី២៥ខែកក្កដា មកដល់ថ្ងៃទី១៥ខែសីហាមានអ្នកឆ្លងដល់ទៅ៤៧៧នាក់ ។
ជាមួយគ្នានេះដែរ ក្រោយផ្ទុះករណីឆ្លងនៅទីក្រុងដាណាង ពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក កើនឡើងដល់ទៅ ១១៥ ៨៥៨នាក់ ក្នុងនោះភាគច្រើនគឺធ្លាប់បានទៅកម្សាន្តនៅទីក្រុងដាណាង ។
តាមការលើកឡើងរបស់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ មកទល់ពេលនេះវៀតណាមបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ៤៣៧នាក់ ក្នុងចំណោម ៩៥០នាក់ ។
ជាមួយគ្នានេះដែរ វៀតណាម ជាប្រទេសមិនមានករណីស្លាប់ ម្នាក់ណាឡើយក្នុងរយៈពេលជាច្រើនខែ ដោយកូវីដ-១៩ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះវៀតណាមមានអ្នកស្លាប់ ដល់ទៅ ២៣នាក់ ។ ភាគច្រើនអ្នកស្លាប់ គឺស្ថិតមានជំងឺប្រចាំកាយ។៕ ដោយ៖ ធី រីណា