ភ្នំពេញ៖ ពិព័រណ៍ផលិតផលថៃ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មថៃបានប្រកាសបើកដែលប្រមូលផ្តុំដោយក្រុមហ៊ុនមានផលិតផលល្បីៗចំនួន២០០ក្រុមហ៊ុន និង២៥០ស្តង់មកដាក់តាំងបង្ហាញ ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទពិព័រណ៍កោះពេជ្រចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយនៃការអភិវឌ្ឍពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានរួមសហការពង្រីង និងពង្រីកទំនាក់ទំនងគ្នារវាងពាណិជ្ជកម្មទ្វេភាគី”។
លោកបញ្ជាក់ថា ជាក់ស្តែងនៅឆ្នាំ២០១២ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ សម្រេចបានប្រមាណ៤០២៧,៧៣លានដុល្លារ កើនដល់៤៧១១,៥៥លានដុល្លារ ឆ្នាំ២០១៣ និងបន្តកើនដល់៥១១៥,៥៩ដុល្លារ ឆ្នាំ២០១៤ ហើយស្ថិតក្នុងកម្រិតប្រហាក់ប្រហែលគ្នាគឺ៥១០៦,៥១លានដុល្លារក្នុងឆ្នាំ២០១៥ ។
យោងតាមតួលេខពាណិជ្ជកម្មដែលកំពុងមានការកើនឡើងជារៀងរាល់ឆ្នាំនេះ គឺដោយសារតែទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានភាពល្អប្រសើរ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីរផ្នែកឯកជន ជាពិសេសបណ្តាលពាណិជ្ជករនៃប្រទេសទាំងពីរ។ លោកជឿជាក់ថា ទំនាក់ទំនងកម្ពុជា និងថៃនឹងត្រូវថែរក្សាយ៉ាងល្អបន្តទៀតនាឆ្នាំខាងមុខ ដោយសារការចូលរួមយ៉ាងពេញលេញពីផ្នែកឯកជននិងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជាធ្លាប់មានប្រសាសន៍ថា ក្នុងពិព័រណ៍ពាណិជ្ជកម្មថៃធ្វើឡើងនៅកោះពេជ្រនេះ បានជ្រើសរើសមុខទំនិញថៃ ដែលមានម៉ាកយីហោល្បីៗមកពីក្រុមហ៊ុនចំនួន២៥០ ក្នុងចំណោមក្រុមហ៊ុនដែលបានដាក់ពាក្យចំនួន៦០០ក្រុមហ៊ុន ។ មានការសង្កេតឃើញថា ក្រុមហ៊ុនថៃទាំងអស់បានចាប់អារម្មណ៍ទីផ្សារកម្ពុជា ព្រោះតែពួកគាត់យល់ថា ទីផ្សារកម្ពុជាអាចឲ្យគាត់ពង្រីកការចែកចាយផលិតផលរបស់ខ្លួនបានដូចជាសម្ភារសំណង់ផលិតផលតុបតែងផ្ទះ និងគ្រឿងអគ្គិសនីជាដើម ។ លោកស្រីបានបន្តថា ក្នុងនោះទំនិញសម្រាប់គេហដ្ឋានមានចំនួន៧១ស្តង់, សម្ភារសំណង់១៨ស្តង់, គ្រឿងសម្អាងនិងសុខភាព៨ស្តង់, សម្លៀកបំពាក់៥៩ស្តង់, គ្រឿងបន្លាស់រថយន្តជាពិសេសសម្រាប់មុខម្ហូបអាហារមាន៨៥ស្តង់ ៕



ដោយ៖ វឌ្ឍនា










