ប្រធានាធិបតីលីបង់ លោក Michel Aoun បានប្រកាសថា លោកមិនលាលែងចេញពីតំណែងក្នុងពេលនេះឡើយ បើទោះបីមានការអំពាវនាវពីពលរដ្ឋឲ្យលោកចុះចេញពីតំណែង ក្រោយការផ្ទុះនៅទីក្រុងបេរ៉ូសម្លាប់មនុស្ស ១៧៧នាក់ និង ជាង៦៥០០នាក់រងរបួស។
ការផ្ទុះទ្រង់ទ្រាយធំបំផុតនៅរដ្ឋធានីបេរ៉ូសកាលពីថ្ងៃទី ៤ខែសីហាបានធ្វើឲ្យទីក្រុង បេរ៉ូសខូចខាតយ៉ាងខ្លាំង និងបង្កឲ្យមានបាតុកម្មកើតឡើងបង្ខំឲ្យរដ្ឋាភិបាល លីបង់លាលែងចេញពីតំណែង កាលពីថ្ងៃទី១០ខែសីហា។
ឆ្លើយតបនឹងបទសម្ភាសរបស់បណ្តាញទូរទស្សន៍ BFM របស់បារាំង ស្តីពីការលាលែងចេញពីតំណែង ប្រធានាធិបតី Michel Aoun បានបញ្ជាក់យ៉ាងច្បាស់ថា«លោកមិនអាចលាលែងចេញពីតំណែងបានឡើយ អាចបង្កឲ្យមានចម្លោះប្រហោង វិបត្តិកាន់តែខ្លាំង។ សូមគិតថាបើខ្ញុំលាលែងចេញពីតំណែងនាពេលនេះ ស្ថានភាពប្រទេសជាតិ អ្នកណា ទទួលខុសត្រូវក្នុងការដឹកនាំ ។ បើខ្ញុំលាលេងចេញពីតំណែង គឺត្រូវតែបោះឆ្នោតជាបន្ទាន់ ប៉ុន្តែស្ថានភាពនាពេលនេះមិនអាចបោះឆ្នោតបានឡើយ»។
ពាក់ព័ន្ធករណីផ្ទុះនៅរដ្ឋធានីបេរ៉ូ ប្រធានាធិបីលីបង់ បានបញ្ជាក់ថា ការស្រាវជ្រាវ ករណីផ្ទុះ គឺមិនអាចធ្វើឡើងភ្លាមៗបានឡើយ ត្រូវចំណាយពេលជាច្រើនទៀត ។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ បានអំពាវនាវដល់បណ្តាប្រទេសចូលរួមជួយដល់ប្រទេស លីបង់អភីវឌ្ឍ ទីក្រុងបេរ៉ូសឡើងវិញក្រោយការផ្ទុះ៕