បាតុករ​ថៃ​ប្រមាណជា១​ម៉ឺន​នាក់ បន្តធ្វើបាតុកម្ម​ដោយទាមទារ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់​បាតុករ​ថៃ​ប្រមាណជា១​ម៉ឺន​នាក់ កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាថ្មីម្តងទៀត នៅឯវិមានប្រជាធិបតេយ្យក្រុងបាងកក ដោយ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ ។បាតុកម្ម​នេះដែរ ​រៀបចំឡើង​ដោយក្រុម​ចលនា​យុវជន និង​និស្សិត​ប្រឆាំង​រដ្ឋាភិបាល និង​ប្រជាធិបតេយ្យ​និយម​ដែលមាន​ឈ្មោះថា Free People​។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមយុវជន​ខាងលើនេះ ​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បានចេញផ្សាយថា៖ «​ការ​បំផុសគំនិត​តែមួយគត់​របស់ Free People គឺ​សេចក្តីសង្ឃឹម ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ប្រទេស​ថៃ​ដែលមាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ដោយមាន​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ​ពិតប្រាកដ​»​។

​ក្នុងការតវ៉ានោះ ក្រុមបាតុករ​បានដាក់​សំណើរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ រំលាយ​រដ្ឋសភា វិសោធនកម្ម​រដ្ឋធម្មនុញ្ញនិង​បញ្ឈប់​ការបំពាន​ដោយ​មន្ត្រី​រដ្ឋាភិបាល​។ បន្ថែម​ពីនេះ ក្រុមបាតុករ​ក៏បាន​ដាក់ចេញ​នូវ​លក្ខខណ្ឌ​ផ្សេងទៀត​ចំនួន​២ ដែល​ទាមទារ​មិន​ឲ្យ​មាន​រដ្ឋប្រហារ​យោធា និង​មិន​ឲ្យ​មាន​រដ្ឋាភិបាល​រួបរួម​ជាតិ​ឡើយ​។​

​បន្ថែមពី​នេះទៅទៀត ក៏មាន​ផងដែរ​កា​ររ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​ចំនួន​១០​ចំណុច ដែល​រួមមាន​ការកាត់បន្ថយ​អំណាច​ព្រះមហាក្សត្រ​។ ក្រុមបាតុករ​បានទាមទា​ឲ្យ​បញ្ឈប់​ការប្រើ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ​ដែល​ដាក់ទោស​ដល់​ទៅ​១៥​ឆ្នាំ​ចំពោះ​អ្នក​បរិហារ ប្រមាថ ឫគ​ម្រាម​ព្រះមហាក្សត្រ មហាក្សត្រិយានី និង​ទាយាទ​។​

​គួរបញ្ជាក់ថា បាតុកម្ម​នេះ​ ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃទី​១៦ សីហា ដោយ​ធ្វើការ​ជួបជុំ​នៅ​ជិត​វិមាន​ប្រជាធិបតេយ្យ ខណៈ​បាតុករ​ចូលរួម​នាំគ្នា​ឈរ​បន្ត​រហូតដល់​រុក្ខវិថី​Ratchadamnoen​។ បាតុកម្ម​នេះ ធ្វើឡើង​អស់​រយៈពេល​៨​ម៉ោង ​និង​បាន​រំសាយ​នៅពេល​យប់​ដោយ​សន្តិវិធី ប៉ុន្តែ​លោក Tattep Ford Ruangprapaikitseree អ្នកដឹកនាំ​យុវជន​បាន​អះអាងថា បើសិនជា​គ្មាន​ការកែប្រែ​ពី​រដ្ឋាភិបាល​ទាក់ទង​នឹង​ការទាមទារ​របស់​ពួកគេ​ត្រឹម​ខែកញ្ញា​ទេ គេ​នឹង​ពង្រីក​សកម្មភាព​របស់​គេ និង​ជួបជុំគ្នា​ជាថ្មី​ម្តងទៀត​នៅ​វិមាន​ប្រជាធិបតេយ្យ​។​

​គួររំលឹកផងដែរថា មួយរយៈចុងក្រោយនេះ ក្រុមបាតុករបាននាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃឡើងវិញ ដោយបានទាមទារឲ្យរំលាយរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធាឆ្នាំ២០១៤។ មួយវិញទៀត ក្រុមសកម្មជនបានអះអាងថា ការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលជាលើកដំបូងក្រោយរដ្ឋប្រហារ មិនមានភាពសុក្រឹត្យឡើយ ពោលគឺវាត្រូវបានលោក ប្រាយុទ្ធ រៀបចំរួចស្រេចដើម្បីធានាថា លោកនឹងនៅតែបន្តកាន់អំណាច៕​ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print