បាតុករ​ថៃ​ប្រមាណជា១​ម៉ឺន​នាក់ បន្តធ្វើបាតុកម្ម​ដោយទាមទារ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់បាតុករថៃប្រមាណជា១ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាថ្មីម្តងទៀត នៅឯវិមានប្រជាធិបតេយ្យក្រុងបាងកក ដោយទាមទារឲ្យមានកំណែទម្រង់នយោបាយ បាតុកម្មនេះដែររៀបចំឡើងដោយក្រុមចលនាយុវជន និងនិស្សិតប្រឆាំងរដ្ឋាភិបាល និងប្រជាធិបតេយ្យនិយមដែលមានឈ្មោះថា Free People​

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមយុវជនខាងលើនេះទីភ្នាក់ងារព័ត៌មាន AFP​ បានចេញផ្សាយថា៖ «​ការបំផុសគំនិតតែមួយគត់របស់ Free People គឺសេចក្តីសង្ឃឹម ក្នុងការសម្រេចឲ្យបាននូវប្រទេសថៃដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យ ដោយមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញពិតប្រាកដ​»​

ក្នុងការតវ៉ានោះ ក្រុមបាតុករបានដាក់សំណើរទាមទារឲ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចារ រំលាយរដ្ឋសភា វិសោធនកម្មរដ្ឋធម្មនុញ្ញនិងបញ្ឈប់ការបំពានដោយមន្ត្រីរដ្ឋាភិបាល បន្ថែមពីនេះ ក្រុមបាតុករក៏បានដាក់ចេញនូវលក្ខខណ្ឌផ្សេងទៀតចំនួន ដែលទាមទារមិនឲ្យមានរដ្ឋប្រហារយោធា និងមិនឲ្យមានរដ្ឋាភិបាលរួបរួមជាតិឡើយ

បន្ថែមពីនេះទៅទៀត ក៏មានផងដែរការរទាមទារឲ្យមានកំណែទម្រង់របបរាជានិយមចំនួន១០ចំណុច ដែលរួមមានការកាត់បន្ថយអំណាចព្រះមហាក្សត្រ ក្រុមបាតុករបានទាមទាឲ្យបញ្ឈប់ការប្រើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃដែលដាក់ទោសដល់ទៅ១៥ឆ្នាំចំពោះអ្នកបរិហារ ប្រមាថ ឫគម្រាមព្រះមហាក្សត្រ មហាក្សត្រិយានី និងទាយាទ

គួរបញ្ជាក់ថា បាតុកម្មនេះចាប់ផ្តើមនៅរសៀលថ្ងៃទី១៦ សីហា ដោយធ្វើការជួបជុំនៅជិតវិមានប្រជាធិបតេយ្យ ខណៈបាតុករចូលរួមនាំគ្នាឈរបន្តរហូតដល់រុក្ខវិថី​Ratchadamnoen​ បាតុកម្មនេះ ធ្វើឡើងអស់រយៈពេលម៉ោងនិងបានរំសាយនៅពេលយប់ដោយសន្តិវិធី ប៉ុន្តែលោក Tattep Ford Ruangprapaikitseree អ្នកដឹកនាំយុវជនបានអះអាងថា បើសិនជាគ្មានការកែប្រែពីរដ្ឋាភិបាលទាក់ទងនឹងការទាមទាររបស់ពួកគេត្រឹមខែកញ្ញាទេ គេនឹងពង្រីកសកម្មភាពរបស់គេ និងជួបជុំគ្នាជាថ្មីម្តងទៀតនៅវិមានប្រជាធិបតេយ្យ

គួររំលឹកផងដែរថា មួយរយៈចុងក្រោយនេះ ក្រុមបាតុករបាននាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃឡើងវិញ ដោយបានទាមទារឲ្យរំលាយរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធាឆ្នាំ២០១៤។ មួយវិញទៀត ក្រុមសកម្មជនបានអះអាងថា ការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលជាលើកដំបូងក្រោយរដ្ឋប្រហារ មិនមានភាពសុក្រឹត្យឡើយ ពោលគឺវាត្រូវបានលោក ប្រាយុទ្ធ រៀបចំរួចស្រេចដើម្បីធានាថា លោកនឹងនៅតែបន្តកាន់អំណាច៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print