លោកស្រី ហ៊ុន ស៊ីណាត អំពាវនាវឲ្យបងប្អូនពលរដ្ឋឃ្លាំមើល តើតុលាការឃុំខ្លួនស្ត្រីម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយដែរឬក៏អត់ ?

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីលោកស្រី ហ៊ុន ស៊ីណាត ជាប្អូនស្រីបង្កើតរបស់ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា និងជាពលរដ្ឋមួយរូប បានស្នើឲ្យស្ថាប័នតុលាការកោះហៅស្ត្រីដែលជាម្ចាស់ទីតាំងផលិតស្ករត្នោតដែលត្រូវបានសមត្ថកិច្ចចោទថា ក្លែងក្លាយនោះ ឲ្យចូលតុលាការ ឥឡូវមកដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានបង្គាប់ឲ្យសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនខ្លួនស្ត្រីម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយខាងលើមកកាន់តុលាការ ដើម្បីវិនិច្ឆ័យទោសតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា៖ ជាមួយគ្នានេះ លោកស្រី ហ៊ុន ស៊ីណាត នៅបាននិយាយទៀតថា « បងប្អូនកូនក្មួយមិត្តរួម Facebook ទាំងអស់ ជួយឃ្លាំមើលការឃាត់ខ្លួនថៅកែ ឈ្មោះ ជួន មុំ ដែលផលិតស្ករត្នោតក្លែងក្លាយបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនេះផង … ចាំមើលតើគេឃាត់ខ្លួនបានប៉ុន្មានថ្ងៃ ? បើហ៊ានដោះលែងស្ត្រី ជួន មុំ នេះទៀត ខ្ញុំនឹងទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយ… ពីព្រោះការផលិតស្ករត្នោតក្លែងក្លាយនេះ គឺសមត្ថកិច្ចបានឃាត់ខ្លួនថៅកែស្រីរូបនេះ ៨លើក រួចមកហើយ តែមិនដែលកាត់ទោសទេ… ចាំមើលលើកនេះ តុលាការគិតយ៉ាងម៉េច ? ដោះលែងឲ្យទៅផលិតទៀតដែរទេ ? សូមមិត្តរួមហ្វេសប៊ុកទាំងអស់ ជួយឃ្លាំមើលតុលាការទាំងអស់គ្នា ។

សូមជម្រាបថា៖ ការចុះបង្រ្កាបរបស់សមត្ថកិច្ច ខេត្តកណ្ដាល ទៅលើទីតាំងផលិតស្ករត្នោតក្លែងក្លាយរបស់ស្ត្រីឈ្មោះជួន មុំ នេះ បានធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែសីហា ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយថា សមត្ថកិច្ចបានឃាត់ខ្លួនគាត់ចំនួន ៨ដង និងមានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ផងដែរ ក៏ប៉ុន្តែស្ត្រីរូបនេះ មិនរាងចាល មិនគោរពច្បាប់… ពេលនេះ មិនទាន់ដឹងថាតើតុលាការសម្រេចឃុំខ្លួនគាត់ជាបណ្ដោះអាសន្ន រង់ចាំបើកសវនាការជំនុំជម្រះ ឬយ៉ាងម៉េចយ៉ាងម៉ានៅឡើយទេ ត្រូវរង់ចាំមើលទាំងអស់គ្នា ។
ចំពោះការបើកលួចផលិតស្ករត្នោត នៃទីតាំងខាងលើ សង្ស័យប្រើសារធាតុគីមី គួរណាស់តែអាជ្ញាធរមូលដ្ឋាន មានវិធានការទប់ស្កាត់ ជាមួយខាងជំនាញពាក់ព័ន្ធ មិនត្រូវគិតតែតួលេខ ហាមឃាត់ដល់៨លើកនោះទេ ។ ដើម្បីការពារសុខភាពពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធត្រូវបង្ក្រាបក្នុងបទល្មើសជាក់ស្តែង។ ដោយឡែកខាងស្ថាប័នតុលាការ សម្រេចបែបណានោះ អាស្រ័យលើជំនាញ កសាងនីតិវិធីផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print