ថ្ងៃទី២! ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរី ជាង២ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់

ចែករំលែក៖

ខេត្តរតនគិរី៖ នៅថ្ងៃទី១៨ ខែសីហាម្សិលមុិញនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ អះអាងថា រយៈពេល២ថ្ងៃ(១៧-១៨ សីហា ឆ្នាំ២០២០) នាឱកាសឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីមានចំនួន២២.៥០២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១០១នាក់ផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្តថា សម្រាប់ថ្ងៃទី២នៃការឈប់សម្រាកនេះ ផ្នែកសេវាកម្មស្នាក់នៅមាន១.១២៩ បន្ទប់ បានទទួលភ្ញៀវពេញទាំងអស់។ លោកបន្ថែមថា ការកើនឡើងយ៉ាងគំហុកនេះនៃភ្ញៀវទេសចរចូលមកទស្សនាកំសាន្តសប្បាយក្នុងខេត្តរតនគិរី គឺដោយសារកត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយមានភាពងាយស្រួល ជាពិសេស នោះកត្តាសេដ្ឋកិច្ចក៏ជារឿងមួយសំខាន់ផងដែរ។ បើពួកគាត់មិនមានជីវភាពធូរធារទេ ប្រាកដណាស់ថាពួកគាត់មិនធ្វើដំណើរកំសាន្តនោះឡើយ។

ដោយឡែកចំពោះវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រធានមន្ទីរទេសចរណ៍រូបនេះ បានឲ្យដឹងទៀតថា អនុវត្តន៍តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងសុខាភិបាល អាជ្ញាធរខេត្តដែលមានលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មា ធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តបានចាត់វិធានការយ៉ាងល្អប្រសើរ ដើម្បីឲ្យភ្ញៀវមានភាពកក់ក្តៅក្នុងចិត្ត គឺគ្រប់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងគ្រប់កន្លែងរមណីយដ្ឋានទេសចរណ៍នានា ។

ក្នុងការអនុវត្តយ៉ាងតឹងរុឹងនូវ វិធានការសុខាភិបាលនោះមានដូចជា៖ ម្ចាស់សេវាកម្មទាំងអស់ មុននឹងទទួលភ្ញៀវឲ្យចូលស្នាក់នៅ ,ទទួលទានអាហារ និងចូលលេងកំសាន្តសប្បាយ គឺបានធ្វើការវាស់កំដៅ ហើយគ្រប់បន្ទប់មានការបាញ់អាល់កុលសម្លាប់មេរោគ និងមានឡាបូ សាធារណៈសម្រាប់លាងសម្អាតដៃជាដើម។ ព្រមជាមួយនោះ គ្រប់កន្លែងកំសាន្តមានចាក់សារអប់រំតាមឃោសនស័ព្ទ និងមានដាក់ផ្ទាំងប៉ាណូធំៗដើម្បីជាការពញ្ញាក់ស្មារតីដល់ភ្ញៀវទេសចរចូលរួមការពារជំងឺដ៏កាចសាហាវនេះផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print